ក្រុម Houthis របស់យេម៉ែន បើកការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Tel Aviv របស់អ៊ីស្រាអែល
បរទេស៖ ក្រុម Houthi របស់ប្រទេសយេម៉ែននៅយប់ថ្ងៃចន្ទបានទទួលខុសត្រូវចំពោះការបាញ់មីស៊ីលផ្លោងនៅឯទីក្រុង Tel Aviv របស់អ៊ីស្រាអែល។
អ្នកនាំពាក្យយោធា Houthi លោក Yahya Sarea បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah TV ថា យើងបានអនុវត្តប្រតិបត្តិការយោធាមួយសំដៅលើគោលដៅសំខាន់របស់សត្រូវអ៊ីស្រាអែលនៅទីក្រុង Tel Aviv ដោយប្រើមីស៊ីលផ្លោងលឿនជាងសំឡេង។
លោកបានបន្តថា ប្រតិបត្តិការនេះសម្រេចបាននូវគោលដៅរបស់ខ្លួនដោយជោគជ័យ។ លោកបានបន្ថែមថា ក្រុមរបស់គាត់ក៏បានធ្វើការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន ៤គ្រឿង និងបានកំណត់គោលដៅសំខាន់ៗនៅក្នុងទីក្រុង Tel Aviv។
លោក Sarea បានប្តេជ្ញាថា ការវាយប្រហាររបស់ក្រុមរបស់គាត់ប្រឆាំងនឹងអ៊ីស្រាអែល នឹងបន្តរហូតដល់ការឈ្លានពានលើតំបន់ហ្គាហ្សាស្ទ្រីប បញ្ឈប់។
នៅព្រឹកថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ពីការស្ទាក់ចាប់នៃកាំជ្រួចដែលបានបាញ់ចេញពីប្រទេសយេម៉ែន” ដែលបានរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅក្នុងអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុង Tel Aviv។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មក ក្រុម Houthis បាននិងកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល និងរំខានដល់ការដឹកជញ្ជូនទំនិញភ្ជាប់អ៊ីស្រាអែល នៅក្នុងសមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនចំពេលមានជម្លោះនៅហ្គាហ្សា។