លោក បៃដិន ថាអាមេរិកនឹងនៅតែឈរជាកំពូលមហាអំណាចលេខ១នៅលើពិភពលោក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកចាំផ្ទះ លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិកនឹងនៅតែឈរជាកំពូលមហាអំណាចលេខ១នៅលើពិភពលោក ហើយចិននឹងមិនអាចវ៉ាដាច់សហរដ្ឋអាមេរិកឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាលាគ្នាមួយទៅកាន់ក្រុមមន្ត្រីទូត កាលពីថ្ងៃចន្ទ ទី១៣ ខែមករា។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងទទួលបានជ័យជម្នះ ក្នុងការប្រកួតប្រជែងនៅជុំវិញពិភពលោក បើធៀបទៅនឹងកាលពីជាង៤ឆ្នាំមុន។ អាមេរិកគឺខ្លាំងក្លា សម្ព័ន្ធមិត្តរបស់យើងក៏ខ្លាំងក្លា រីឯសត្រូវ និងគូប្រជែងរបស់យើងកំពុងចុះខ្សោយ»។
លោក បៃដិនបន្តទៀតថា «តាមការព្យាករចុងក្រោយបំផុតលើដំណើររបស់ចិនសព្វថ្ងៃ ពួកគេនឹងមិនអាចវ៉ាដាច់យើងនោះទេ»។ តែយ៉ាងណាក៏ដោយ តាមលោក បៃដិន សហរដ្ឋអាមេរិកបានគ្រប់ទំនាក់ទំនងដ៏ស្មុគស្មាញរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវជាមួយចិន ដែលអាចបញ្ចៀសកុំឱ្យជម្លោះផ្ទុះឡើង អំឡុងអាណត្តិ៤ឆ្នាំជាប្រធានាធិបតីរបស់លោក។
គួរបញ្ជាក់ថា លោក ចូ បៃដិន មានអាយុ ៨២ឆ្នាំ នឹងត្រូវចប់អាណត្តិជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ជាពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការ៕