អង្គការណាតូ៖ បច្ចុប្បន្នអ៊ុយក្រែន មិនមានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ
ប្រ៊ុចសែល៖ បច្ចុប្បន្នអ៊ុយក្រែនមិនមានជំហររឹងមាំគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ។ នេះជាអ្វីដែលប្រធានអង្គការណាតូ លោក ម៉ាក រូដ បានលើកឡើង កាលពីថ្ងៃចន្ទទី១៣មករា ខណៈប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ត្រៀមឡើងកាន់អំណាចសាជាថ្មី។
លោក រូដ បានប្រាប់សមាជិកសភាសហភាពអឺរ៉ុប (EU) ថា៖«នៅពេលនេះ ច្បាស់ណាស់ អ៊ុយក្រែនមិននៅទីនោះទេ ពីព្រោះនៅពេលនេះ ពួកគេមិនមានជំហររឹងមាំអាចចរចាបានទេ។ យើងត្រូវធ្វើបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថា ពួកគេរឹងមាំគ្រប់គ្រាន់សម្រាប់ការចរចា»។ លោក រូដ បានលើកឡើងថា៖«យើងទាំងអស់គ្នាចង់ឱ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែសំខាន់ជាងនេះទៀត គឺយើងចង់ឱ្យសន្តិភាពស្ថិតស្ថេរ។ សន្តិភាពនឹងមិនស្ថិតស្ថេរឡើយ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផ្លូវមានវាយចូលទៅក្នុងប្រទេសអ៊ុយក្រែន ព្រោះពេលនោះលោកនឹងបន្តដំណើរទៅមុខ»។
បន្ថែមពីនោះ ប្រធានអង្គការណាតូបានព្រមានថា កិច្ចព្រមព្រៀងមិនល្អសម្រាប់អ៊ុយក្រែន នឹងផ្តល់ប្រយោជន៍ឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្តដូចជាចិន កូរ៉េខាងជើង និងអ៊ីរ៉ង់។ លោកបន្តថា៖«ខ្ញុំជឿជាក់ថា សន្តិភាពអាចស្ថិតស្ថេរបាន លុះត្រាតែអ៊ុយក្រែនចូលក្នុងតុចរចាជាមួយនឹងជំហររឹងមាំ។ សម្រាប់រឿងនេះ ពួកគេត្រូវការការបន្តផ្តល់ជំនួយរបស់យើង អាវុធកាន់តែច្រើន និងលឿនជាងមុន ដូច្នេះ ពួកគេអាចការពារខ្លួនបានប្រសើរជាងមុន និងចរចាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អ៊ុយក្រែន សម្រាប់អឺរ៉ុប និងពិភពលោក»។
មិនត្រឹមតែប៉ុណ្ណោះ ប្រមុខណាតូរូបនេះ បានរំលឹកឡើងវិញនូវការទទូចរបស់គាត់ថា អឺរ៉ុបត្រូវការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងច្រើន ជាពិសេសព្រោះវាជាតម្រូវការសំខាន់ពីលោក ត្រាំ។ មេដឹកនាំអង្គការរូបនេះ លើកឡើងថា ការចំណាយលើវិស័យការពារជាតិកម្រិត២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សម្ព័ន្ធ គឺមិនគ្រប់គ្រាន់ទេ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងពីយក្សកំណាចនុយក្លេអ៊ែរុស្ស៊ី។ លោកបានថ្លែងថា៖«ប្រសិនបើយើងមិនធ្វើទេ យើងមានសុវត្ថិភាពនាពេលបច្ចុប្បន្នមែន ប៉ុន្តែមិនមែនក្នុងរយៈពេល៤ឬ៥ឆ្នាំទៀតនោះទេ។ ដូច្នេះប្រសិនបើអ្នកមិនធ្វើវាទេ ចូរអ្នកចាប់ផ្តើមរៀនវគ្គសិក្សាភាសារុស្សី ឬទៅប្រទេសនូវែលសេឡង់»។
គួរបញ្ជាក់ថា លោក ត្រាំ នឹងស្បថចូលកាន់តំណែងនៅថ្ងៃចន្ទទី២០ ខែមករា សប្តាហ៍ក្រោយ បន្ទាប់ពីបានប្តេជ្ញាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា នឹងបញ្ចប់សង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែនយ៉ាងឆាប់រហ័សបំផុត។ លោក ត្រាំ បានអះអាងកាលពីសប្តាហ៍មុនថា លោកកំពុងរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី ពូទីន។ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន បានព្យាយាមបង្កើនកម្លាំងរបស់អ៊ុយក្រែនដោយការបង្កើនជំនួយយោធា និងកាលពីចុងឆ្នាំមុនបានបើកភ្លើងខៀវឱ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី។ យ៉ាងណា រំហូរជំនួយពីរដ្ឋធានីវ៉ាស៊ីនតោនទៅអ៊ុយក្រែនអាចប្រឈមភាពរអាក់រអួលក្រោមរដ្ឋបាលរបស់លោក ត្រាំ៕