ក្រុមហ៊ុន BYD នឹងចេញលក់រថយន្ត SUV ខ្នាតតូចថ្មី Atto 2 នៅអឺរ៉ុប នាខែកុម្ភៈ ដើម្បីប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី
អឺរ៉ុប៖ ក្រុមហ៊ុន BYD នឹងចេញលក់រថយន្ត SUV ខ្នាតតូចថ្មី Atto 2 នៅសហភាពអឺរ៉ុប នាខែកុម្ភៈខាងមុខ។ នេះបើតាមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន បានឱ្យដឹងនៅថ្ងៃសុក្រ ដោយបន្ថែមថា ការដាក់លក់រថយន្តថ្មីនេះ គឺដើម្បីប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីរបស់អឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
Atto 2 ដែលនឹងបំពេញបន្ថែម ចំពោះរថយន្តម៉ូឌែលធំជាង Atto 3 ដែលបានចេញលក់ក្នុងឆ្នាំ២០២២នោះ នឹងប្រកួតប្រជែងក្នុងប្រភេទរថយន្ត SUV ខ្នាតតូច នៅសហភាពអឺរ៉ុប។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន បានប្រាប់ Reuters។
ការដាក់ចេញលក់រថយន្ត Atto 2 នេះ នឹងធ្វើឡើង២ខែ បន្ទាប់ពីសហភាពអឺរ៉ុប អនុម័តបង្កើនពន្ធ លើរថយន្តអគ្គិសនីផលិតឡើងនៅចិន ក្នុងនោះរួមទាំង BYD ផងដែរ រហូតដល់៤៥.៣ភាគរយ។
Atto 2 នឹងប្រកួតប្រជែងក្នុងប្រភេទរថយន្តអគ្គិសនី SUV ខ្នាតតូចរបស់អឺរ៉ុប ជាមួយនឹងម៉ូឌែលប្រកួតប្រជែងរួមមាន៖ Peugeot e-2008, Citroën e-C3, Opel Mokka-e និង Fiat 600e, the Kia Niro ហើយនៅចុងឆ្នាំនេះ នឹងមានរថយន្តថ្មី R4 របស់ក្រុមហ៊ុន Renault។
ខណៈតម្លៃមិនទាន់បានបង្ហាញនោះ, Attos 2 ជារថយន្តអគ្គិសនីសុទ្ធ មានបណ្តោយប្រវែង៤.៣១ម៉ែត្រ, ទទឹង១.៨៣ម៉ែត្រ និងកម្ពស់១.៦៨ម៉ែត្រ ដោយប្រើប្រាស់ថ្ម Blade៕