ក្រុមហេសបូឡារបស់លីបង់ កំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ ដោយមានជំនួយពីអ៉ីរ៉ង់
UN៖ ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) លោក Danny Danon បាននិយាយថា ក្រុមហេសបូឡារបស់លីបង់ កំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ ដោយមានជំនួយពីអ៉ីរ៉ង់ ហើយក្រុមសកម្មប្រយុទ្ធមួយនេះ នៅតែជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះអ៉ីស្រាអែល និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។
តាមការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក កាលពីខែមុន ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ទំនងជាព្យាយាមកសាងឃ្លាំងស្តុក និងពង្រឹងកងកម្លាំងរបស់ខ្លួនឡើងវិញ ដែលអាចជាការគំរាមកំហែងរយៈពេលវែង ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។
ក្នុងលិខិតមួយដាក់ជូនក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ១៥រូប លោក Danon បញ្ជាក់ដូច្នេះថា «ទោះជាសមត្ថភាពយោធារបស់ហេសបូឡា ត្រូវបានកាត់បន្ថយខ្លាំងអំឡុងពេលនៃសង្រ្គាម តែឥឡូវពួកគេកំពុងព្យាយាមពង្រឹងកម្លាំងឡើងវិញ។ វាជាការចាំបាច់ ដែលរដ្ឋាភិបាលលីបង់ និងសហគមន៍អន្តរជាតិ ផ្តោតលើការទប់ស្កាត់ការរត់ពន្ធអាវុធ គ្រាប់រំសេវ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមព្រំដែនស៉ីរី-លីបង់ ក៏ដូចជាតាមផ្លូវអាកាស និងផ្លូវសមុទ្រ»។ ជុំវិញការលើកឡើងរបស់ លោក Danon បេសកកម្មរបស់ក្រុមហេសបូឡា និងអ៉ីរ៉ង់សម្រាប់ UN នៅមិនទាន់ឆ្លើយតបទេ តែប្រភពជាន់ខ្ពស់លីបង់ដែលស្និទ្ធនឹងក្រុមហេសបូឡា បានបដិសេធការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា ទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ៦០ថ្ងៃរវាងអ៉ីស្រាអែល និងហេសបូឡា គិតចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំមុន ដែលតម្រូវឱ្យកងទ័ពលីបង់ដាក់ពង្រាយទៅភាគខាងត្បូងប្រទេស ខណៈអ៉ីស្រាអែល និងហេសបូឡាដកទ័ពចេញក៏ដោយ តែភាគីទាំងពីរបានបន្តចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបំពានបទឈប់បាញ់៕