ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្តម សុខុមសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
នាឱកាសប្រកបដោយសិរីមង្គលនេះ ខ្ញុំបាទសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចក្រឡាហោម សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ ខ្ញុំបាទសូមសម្តែងនូវការគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចក្រឡាហោម ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី តស៊ូពុះពារ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញបេសកកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមចំណែកជាឧត្តមប្រយោជន៍សាធារណៈដ៏ធំធេងនាពេលកន្លង មក។ ជាងនេះទៅទៀត សម្តេចក្រឡាហោម បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការកសាងអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លាឈានមុខឡើង តាមរយៈការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋយ៉ាងទូលំទូលាយលើគ្រប់វិស័យ ការពង្រឹង សមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងសម្រាប់ទុកជាកេរដំណែលដល់មនុស្សគ្រប់ជំនាន់។
ជាថ្មីម្តងទៀត ខ្ញុំបាទសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕