កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើត
ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្ទភាគខាងកើតនៅថ្ងៃអង្គារទី១៤ ខែមករា ដែលជាការបង្ហាញសាច់ដុំយោធាចុងក្រោយបង្អស់របស់រដ្ឋធានីព្យុងយ៉ាង នៅប៉ុន្មានថ្ងៃមុនការវិលត្រឡប់របស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ចូលកាន់តំណែង។
នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បានឱ្យដឹងថា មីស៊ីលបានធ្វើដំណើរប្រហែល២៥០គីឡូម៉ែត្រ បន្ទាប់ពីបានបាញ់ចេញនៅម៉ោងប្រហែល៩ៈ៣០ព្រឹក (ម៉ោងក្នុងប្រទេសកូរ៉េ) ពីខេត្ត Jagang នៅជិតព្រំដែនជាមួយប្រទេសចិន។ JCS បន្តថា៖«យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះនេះ ថាជាការញុះញង់យ៉ាងច្បាស់ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ដោយព្រមានកូរ៉េខាងជើងប្រឆាំងនឹងការគណនាខុស ហើយប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុបន្ថែមណាមួយ»។ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) ក៏បានថ្កោលទោសការបាញ់បង្ហោះនេះថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបាននិយាយថា រដ្ឋធានីសេអ៊ូលនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង។
ការបាញ់បង្ហោះនេះ បានធ្វើឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីប្រទេសផ្តាច់ការកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងកម្រិតមធ្យមថ្មី ជាការសាកល្បងមីស៊ីលលើកដំបូងរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំមុន។ ការបាញ់មីស៊ីលចុងក្រោយ ក៏បានកើតឡើងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូលរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាគេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya)។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ ថេយ៉ុល (Cho Tae-yul) និងលោក អ៊ីវ៉ាយ៉ា បានថ្កោលទោសការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងជំរុញទំនាក់ទំនងសន្តិសុខ បន្ទាប់ពីកិច្ចចរចានៅរដ្ឋធានីសេអ៊ូល។
គួររំឭកថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន ក្នុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូលកាលពីសប្តាហ៍មុន ក៏បានអំពាវនាវឱ្យមានការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគី ដែលពាក់ព័ន្ធនឹងរាជធានីតូក្យូ ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធា ដែលកំពុងកើនឡើងរបស់រដ្ឋធានីព្យុងយ៉ាង។
គួរបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់នេះ ក៏បានកើតឡើងប៉ុន្មានថ្ងៃមុនការវិលត្រលប់ចូលសេតវិមានវិញរបស់លោក ត្រាំ ដែលបានរៀបចំកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។ សមាជិកសភាកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានសង្ខេបដោយសេវាស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយថា ការធ្វើតេស្តអាវុធថ្មីៗរបស់រដ្ឋធានីព្យុងយ៉ាង គឺសំដៅមួយផ្នែកដើម្បីសម្ញែងសាច់ដុំយោធាដាក់សហរដ្ឋអាម៉េរិក និងទាក់ទាញការយកចិត្តទុកដាក់របស់លោក ត្រាំ៕