រដ្ឋមន្រ្តីបរិស្ថានលើកសរសើរ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ
ភ្នំពេញ៖ ការថ្លែងលើកសរសើរដោយចំពោះដល់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានយ៉ាងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីខេត្តមួយចំនួនទទួលនូវបានភាពស្អាត គ្មានសំរាមប្លាស្ទិកហោះហើរនៅតាមផ្លូវ និងតាមទីសាធារណៈមួយចំនួនធំស្ទើរទូទាំងប្រទេសកម្ពុជា នេះក៏ដោយសារចលនាស្អាត ដែលកើតចេញពីការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ដោយមិនមានការបង្ខំ ឬដាក់ពិន័យឡើយ។ ការលើកទឹកចិត្តដល់មន្រ្តីថ្នាក់ក្រោមជាតិ គឺខណៈដែលឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តត្បូងឃ្មុំ។
ជាមួយឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋនេះ បានសរបញ្ជាក់ទៅដល់ការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយពីសំណាក់អាជ្ញាធរដែនដី ដែលជាអាណាព្យាបាលផ្ទាល់របស់ពលរដ្ឋ នឹងបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងតម្លាភាពការងារ ឆ្លើយតបនឹងគោលនយោបាយជាតិដែលផ្តោតលើការងារអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លើសពីនេះ ចលនាស្អាតរបស់ប្រជាពលរដ្ឋជាង ១០លាននាក់ បានបង្ហាញនូវឥរិយាបថវិជ្ជមាន ឈានទៅភាពជោគជ័យប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ដើម្បីធានាបាននូវសុខភាពបរិស្ថាន ដែលរួមបញ្ជូលសភាវមានជីវិត មនុស្ស សត្វ ធម្មជាតិប្រកបដោយភាពសុខដុមរមនីយកម្ម៕