ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើរបាយការណ៍ស្វាគមន៍ បានឱ្យដឹងថា រដ្ឋបាលខេត្ត បានបន្តខិតខំដោះស្រាយ និងឆ្លើយតបប្រកបដោយការទទួលខុសត្រូវ ហើយរាល់សំណើ សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយនៅនឹងកន្លែង និងបន្តដោះស្រាយ តាមរយៈការលើកសំណើរទៅថ្នាក់ជាតិ ព្រមទាំងសិក្សាដាក់បញ្ចូលក្នុង ផែនការប្រចាំឆ្នាំរបស់ក្រសួងពាក់ព័ន្ធ។
នាឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមអបអរនូវលទ្ធផលការងារល្អប្រសើរដែលខេត្តសម្រេចបាន ក្នុងនោះ ដូចជា ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើឱ្យបទល្មើសទូទៅមានការថយចុះ ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ បង្ករលក្ខណៈជូនពួកគាត់ ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃបានល្អប្រសើរ។
សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យ វាយតម្លៃលើសមិទ្ធផលបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយនានាជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួខុសត្រូវ របស់រដ្ឋបាលខេត្តកំពង់ចាម ៕