សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?
ភ្នំពេញ៖ នៅក្នុងសម័យប្រជុំជាវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចោទសួរចំៗទៅឯកឧត្ដមបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការកណ្តាលលេខាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ពីផ្លូវទៅស្រុករមាសហែកថា ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?
ជាការឆ្លើយតបជាមួយសម្តេចតេជោ ឯកឧត្ដម គឹម ធា បានបញ្ជាក់ថា ផ្លូវនេះមិនទាន់បានចាក់កៅស៊ូនៅឡើយទេ ទើបបានមួយកំណាត់ដោយសារប្រចាំឆ្នាំ រាជរដ្ឋាភិបាលផ្តល់ជូនតែ៥គីឡូម៉ែត្រ ហើយឥឡូវនៅមេម៉ាយនៅឡើយ។
ឯកឧត្ដម គឹម ធា បន្ថែមថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើសុំរួចហើយ តែមិនទាន់បានចេញជាផ្លូវកៅស៊ូនោះឡើយទេ៕