អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ
ក្យូតូ៖ នៅថ្ងៃអង្គារទី១៤ ខែមករានេះ អាជ្ញាធររាជធានីក្យូតូ បានប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ សណ្ឋាគារ ខណៈរាជធានីបុរាណដ៏ល្អឥតខ្ចោះរបស់ប្រទេសជប៉ុន មានភ្ញៀវទេសចរមកទស្សនាច្រើនពេក។
ចំនួនភ្ញៀវទេសចរបរទេសទៅទស្សនាប្រទេសជប៉ុន បានហក់ឡើង បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយចំនួនភ្ញៀវទេសចរកាលពីឆ្នាំ២០២៤ មានប្រហែលជាង ៣៥លាននាក់។ គួរជម្រាបថា សម្រាប់បន្ទប់នៅរាជធានីក្យូតូមានតម្លៃចន្លោះពី២ម៉ឺនយ៉េនទៅ៥ម៉ឺនយ៉េន (១២៧ដុល្លារ ទៅ៣១៧ដុល្លារ) ក្នុងមួយយប់។
យ៉ាងណាភ្ញៀវទេសចរនឹងត្រូវបង់ពន្ធទ្វេដងដល់ទៅ១០០០យ៉េន ក្នុងមនុស្សម្នាក់ក្នុងមួយយប់ ក្រោមផែនការដែលបានប្រកាសនៅថ្ងៃអង្គារទី១៤ ខែមករា។ សម្រាប់កន្លែងស្នាក់នៅលើសពី១សែនយ៉េនក្នុងមួយយប់ នោះពន្ធនឹងកើនឡើងដប់ដងដល់ទៅ១ម៉ឺនយ៉េន។ ពន្ធថ្មីនេះ នឹងចូលជាធរមាននៅឆ្នាំក្រោយ ដោយត្រូវមានការយល់ព្រមពីសភា។
សេចក្តីថ្លែងការណ៍មួយបានបង្ហាញថា៖«យើងមានបំណងដំឡើងពន្ធកន្លែងស្នាក់នៅ ដើម្បីសម្រេចបាននូវគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព ជាមួយនឹងការពេញចិត្តសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអាជីវកម្ម»។ យោងតាមការស្ទង់មតិថ្មីៗនេះ អ្នករស់នៅរាជធានីក្យូតូ ក៏មិនសប្បាយចិត្តចំពោះការកកស្ទះចរាចរណ៍ និងអាកប្បកិរិយាមិនសមរម្យរបស់អ្នកធ្វើដំណើរផងដែរ។ គួរបញ្ជាក់ថា ភ្ញៀវទេសចរបានសម្រុកទៅកាន់ប្រទេសជប៉ុន ក្រោមបុព្វហេតុទេសភាព វប្បធម៌ ធម្មជាតិ និងតម្លៃប្រាក់យ៉េនធ្លាក់ចុះ៕