តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ
ញូវដេលី៖ អ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បានបង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរចេញដំណើរនៅតំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីញូវដេលីផងដែរនៅថ្ងៃពុធទី១៥ ខែមករា។
ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌា បានចេញការជូនដំណឹងពណ៌ទឹកក្រូចសម្រាប់រដ្ឋធានីញូវដេលី ដែលជាកម្រិតព្រមានខ្ពស់បំផុតទីពីរ ដោយព្យាករថា នឹងមានអ័ព្ទក្រាស់ដល់កម្រិតខ្លាំងនៅក្នុងតំបន់ជាច្រើន។
ការិយាល័យអាកាសធាតុបានបញ្ជាក់ថា ភាពមើលឃើញនៅអាកាសយានដ្ឋានសំខាន់របស់រដ្ឋធានីញូវដេលី គឺនៅចន្លោះពីសូន្យដល់១០០ម៉ែត្រ ហើយរថភ្លើងជាង៤០ខ្សែឆ្លងកាត់ភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានពន្យារពេលដោយសារតែអ័ព្ទ។
អាជ្ញាធរអាកាសយានដ្ឋាន បានបង្ហាញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយព្រមានថា ការចេញដំណើររបស់យន្តហោះមួយចំនួនពីរដ្ឋធានីញូវដេលី ត្រូវបានពន្យារពេល ដោយសារលទ្ធភាពមើលឃើញទាប។
អាកាសយានដ្ឋានសំខាន់របស់ដេលីអាចទទួលជើងហោះហើរប្រហែល១៤០០ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍ ដ៏ធំបំផុតរបស់ប្រទេស IndiGo បានរៀបរាប់នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ភាពមើលឃើញទាប និងអ័ព្ទនៅលើរដ្ឋធានីញូវដេលី អាចនាំឱ្យមានការពន្យារពេលមួយចំនួន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីរូបភាពនៃយានជំនិះធ្វើដំណើរតាមតាមមហាវិថីឆ្លងកាត់អ័ព្ទ ហើយមនុស្សបានសំងំនៅក្នុងផ្ទះ ខណៈសីតុណ្ហភាពធ្លាក់ចុះដល់៧ អង្សាសេ។ គួរបញ្ជាក់ថា រដ្ឋធានីញូវដេលី ត្រូវ បាន ចាត់ ចំណាត់ ថ្នាក់ ជា ទីក្រុង ដែល មាន ការ បំពុល ខ្លាំង បំផុត ក្នុង ពិភពលោក ក្នុង ការ ចាត់ ថ្នាក់ ផ្ទាល់ ដោយ ក្រុម ស្វីស IQAir។
អាជ្ញាធររបស់រដ្ឋធានីនៃប្រទេសឥណ្ឌា បាននិងកំពុងឆ្លើយតបជាមួយនឹងគុណភាពខ្យល់មិនល្អ និងផ្សែងអ័ព្ទចាប់តាំងពីដើមរដូវរងា៕