ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារព័ត៌មានទីផ្សារការងារ ក្រុមការងារ ប.ស.ស. និងមន្ត្រីនៃវិទ្យាស្ថានពហុបច្ចេកទេស តេជោសែន ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ និងអត្ថប្រយោជន៍ទទួលបានពី ប.ស.ស. រួមនិងការផ្សព្វផ្សាយពីឱកាសការងារជាង៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ទៅដល់កម្មករនិយោជិតនៃរោងចក្រ STARITE (CAMBODIA) CO., LTD ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រោយការធ្វើបទបង្ហាញនេះ តំណាងនិយោជក និងបងប្អូនកម្មករនិយោជិតបានសំដែងនូវការសប្បាយរីករាយដែលមានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចុះជួបផ្ទាល់តាមរោងចក្រ ដែលនេះបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕