រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង
ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានអះអាងនៅថ្ងៃពុធទី១៥ ខែមករាថា ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង ខណៈកំណើននៃភាពតានតឹង និងការប៉ុនប៉ងត្រួតត្រាឯកតោភាគីរបស់ចិន កំពុងបញ្ឆេះភ្លើងជម្លោះក្នុងតំបន់។
ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន លោក តាកេស៊ិ អ៊ីវ៉ាយ៉ា ក៏បានលើកឡើងផងដែរថា ជប៉ុននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ និងការគាំទ្រសម្រាប់សន្តិសុខដែនសមុទ្ទដល់រដ្ឋធានីម៉ានីល ខណៈយន្តការត្រីភាគីនឹងត្រូវព្រង្រឹងនៅពេលរដ្ឋបាលថ្មីរបស់អាម៉េរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងថ្ងៃទី២០ ខែមករា។
ដំណើរទស្សនកិច្ចរបស់លោក អ៊ីវ៉ាយ៉ា ធ្វើឡើងបន្ទាប់ពីការហៅទូរសព្ទរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស និងប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដោយគ្រានោះ មេដឹកនាំទាំងបីបានបញ្ជាក់ពីការរៀបចំត្រីភាគីឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងបច្ចេកវិទ្យា ដែលកំពុងប្រឈមមុខនឹងភាពតានតឹងខ្លាំងនៅក្នុងតំបន់។
យ៉ាងណាក៏ដោយ លោក តាកេស៊ិ អ៊ីវ៉ាយ៉ា បានសង្កត់ធ្ងន់នៅរដ្ឋធានីម៉ានីលថា៖«ប្រទេសជប៉ុនប្រឆាំងយ៉ាងដាច់អហង្កាចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្ដូរស្ថានភាពជាឯកតោភាគីដោយកម្លាំងយោធា ឬបង្កើនភាពតានតឹងនៅក្នុងតំបន់។ យើងសុំឱ្យបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់»។ តាមពិតទៅ ហ្វីលីពីនបានប៉ះទង្គិចគ្នាខ្លាំង ជុំវិញជម្លោះដែនសមុទ្ទជាមួយនាគរាជអាស៊ី[ចិន] ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈប្រទេសប្របមាត់សមុទ្ទចិនខាងត្បូងទាំងពីរ ប្រឈមមុខគ្នាជាប្រចាំនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រដ្ឋធានីម៉ានីល៕