លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ស.អ.យ និងជាប្រធាន ក.ជ.ក. អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០ នៅសណ្ឋាគារសាន់នី ខេត្តកំពត។
អញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស.អ.យ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវអគ្គលេខាធិការង លោក លោកស្រី នាងកញ្ញា ប្រធានផ្នែក អនុប្រធានផ្នែកនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារបច្ចេកទេសអន្តរក្រសួង និងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៥៥រូប។ កិច្ចប្រជុំនេះដំណើរទៅមានរយៈពេល ២ថ្ងៃ (ថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២៥) តាមរយៈការគាំទ្រពីអង្គការភ្លែនអន្តរជាតិ រួមសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២គឺ៖ ១. ពិនិត្យនិងឯកភាព ទៅលើខ្លឹមសានៃសេចក្តីព្រាងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ និងកំណត់នីតិវិធីសម្រាប់ការគាំទ្រពីសមាជិក ក.ជ.ក នៃក្រសួងសាមីនីមួយៗ ព្រមទាំងយល់ព្រមបញ្ចូលផែនកការនេះក្នុងផែនការយុទ្ធសាស្រ្តនៃក្រសួងសាមី។ ២. កំណត់អំពីវិធីសាស្រ្តជំរុញការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីឯកសារនេះបានអនុម័ត្ត ដោយទីស្តីការគណៈរដ្ឋមន្រ្តី៕