ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីនៃក្រសួងទាំងពីរ បានប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងប្រឆាំងព័ត៌មានក្លែងក្លាយ» សំដៅបង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ៕