អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់
ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោកជំទាវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បាននាំយកអំណោយជាស្បៀងអាហារ របស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ២១០គ្រួសារ បន្ថែមទៀតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
អំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី ដែលឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ នាំយកមកចែកជូនប្រជាពលរដ្ឋទាំង ២១០គ្រួសារ ក្នុងឃុំសេដា ស្រុកលំផាត់ នាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បេ, មីជាតិ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ភួយ១ និងមុង១។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ទើបក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តរតនគិរី ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយ លើជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យកាន់តែល្អថែមទៀត។
ជាមួយគ្នានោះ ឯកឧត្តម ញ៉ែម សំអឿន បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តធ្វើឲ្យប្រទេសមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័នលើគ្រប់វិស័យព្រមទាំងបានយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ៕