ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ
វ៉ាស៊ីនតោន៖ ក្រុមទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន នឹងត្រូវការពេលវេលាច្រើនខែ មិនមែនត្រឹមតែ «ថ្ងៃដំបូង» ដូចដែលបានសន្យាក្នុងអំឡុងយុទ្ធនាការបោះឆ្នោតនោះទេ។
សហការីពីររូបដែលបានពិភាក្សាពីបញ្ហាអ៊ុយក្រែន ជាមួយលោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ Reuters ថា ពួកគេរំពឹងថានឹងត្រូវការពេល «រាប់ខែ» ដើម្បីឈានដល់ដំណោះស្រាយ។ ការណ៍នេះគឺជាការកែតម្រូវយ៉ាងខ្លាំង ពីការសន្យាដ៏អង់អាចរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ។
ឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg ដែលត្រូវបានតែងតាំងជាបេសកជនពិសេសទទួលបន្ទុកកិច្ចការអ៊ុយក្រែននិងរុស្ស៊ី បានបញ្ជាក់នៅក្នុង បទសម្ភាសន៍ ជាមួយ Fox News ថា លោករំពឹងថានឹងមាន «ដំណោះស្រាយ» ក្នុងរយៈពេល ១០០ថ្ងៃ ដែលជាការពន្យារពេលគួរឱ្យកត់សម្គាល់។
ទោះបីជាយ៉ាងណា លោក John Herbst អតីតឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនមើលឃើញថា សូម្បីតែកាលបរិច្ឆេទ ១០០ថ្ងៃនេះ ក៏នៅតែមានសុទិដ្ឋិនិយមជ្រុលផងដែរ ដោយលើកឡើងពីភាព ចាំបាច់ក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី លោក ពូទីន ឱ្យទទួលយកការសម្របសម្រួល។
គួរបញ្ជាក់ថា ចាប់តាំងពីជ័យជម្នះក្នុងការបោះឆ្នោត អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ទន់វោហាសាស្ត្ររបស់ខ្លួន ដោយគ្រាន់តែលើកឡើងថា លោកនឹង «ដោះស្រាយ» ជម្លោះដោយមិនបានផ្តល់ពេលវេលាកំណត់ច្បាស់លាស់ទេ។ លោកថែមទាំងបានទទួលស្គាល់ថា ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននឹងមាន ភាពស្មុគស្មាញជាងការឈានដល់បទឈប់បាញ់ នៅហ្គាហ្សា។