លោកមេធាវី សាំង វណ្ណៈ អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «សេចក្ដីណែនាំអំពីវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម»
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «សេចក្ដីណែនាំអំពីវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម» ដែលសហការរៀបចំរវាងគណៈមេធាវី និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសគឺលោក ប៊ុន យូឌី មជ្ឈត្តករ និងសន្ធានការីផ្នែកពាណិជ្ជកម្មចុះបញ្ជីនៃ ម.ជ.ម និងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងថ្នាក់ដឹកនាំនៃមជ.ម សន្ធានការី និងមជ្ឈត្តករនៃម.ជ.ម ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ១២០នាក់។
ក្នុងឱកាសនេះ លោកមជ្ឈត្តករ សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ក៏បានអញ្ជើញជាអធិបតីភាព ព្រមទាំងថ្លែងមតិសំណេះសំណាល និងស្វាគមន៍ ក្នុងអង្គពិធី ផងដែរ។
សិក្ខាសាលានេះរៀបចំឡើង គឺដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពី យន្តការសន្ធានកម្ម ដែលជាយន្តការមួយក្នុងចំណោមយន្តការដទៃទៀតនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទៅកាន់មេធាវី សិស្សមេធាវី អ្នកអនុវត្តច្បាប់ និងបុគ្គលពាក់ព័ន្ធ។
លើសពីនេះ សិក្ខាសាលានេះក៏មានគោលបំណង៖
– ចែករំលែកចំណេះដឹងជូនអ្នកចូលរួម អំពីរចនាសម្ព័ន្ធនៃវិធានស្ដីពីសន្ធានកម្ម និងវិធានពាក់ព័ន្ធ និងដំណើរការសន្ធានកម្ម នៅ ម.ជ.ម. ដើម្បីបញ្ចូលសន្ធានកម្មប្រកបដោយប្រសិទ្ធភាពទៅក្នុងការអនុវត្តរបស់ពួកគេ ដោយផ្តល់ជូនកូនក្ដីនូវជម្រើសមួយដែលការដោះស្រាយមានភាពឆាប់រហ័ស សម្ងាត់ និងកាត់បន្ថយការចំណាយ។
– បង្ហាញពីគុណសម្បត្តិរបស់សន្ធានកម្ម ក្នុងការលើកកម្ពស់ការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាពដែលមានលក្ខណៈក្រៅផ្លូវការ សម្ងាត់ យុត្តិធម៌ និងការរក្សាទំនាក់ទំនងអាជីវកម្ម។
ជាចុងក្រោយ លោកប្រធាន ស្នើឱ្យបងប្អូនសហភាតា ្រតងត្រាប់ស្តាប់ និងចូលរួមសួរសំណួរឱ្យផុលផុស លើសពីនេះ លោកប្រធាន ក៏សង្ឃឹមថា បងប្អូនសហភាតានឹងទទួលបាននូវពុទ្ធិ និងបទពិសោធន៍បន្ថែមពីវាគ្មិនកិត្តិយស ជាពិសេស ការរៀបចំសិក្ខាសាលានេះជាចំណែកមួយលើកតម្កើងវិបុលភាពនៃវិជ្ជាជីវៈមេធាវី៕