អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាននានា។
ជានិច្ចជាកាលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់គាំទ្រ និងគាំពារ ដើម្បីឲ្យវិស័យសន្តិសុខឯកជននេះ មានការរីកចម្រើនជាបន្តបន្ទាប់។
កិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ស្របតាមសេចក្តីណែនាំលេខ០៣៣ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង សន្តិសុខឯកជន របស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការថែរក្សា ការពារទ្រព្យសម្បត្តិ អាយុជីវិត ជីវភាពប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយ៕