ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»
ភ្នំពេញ៖ ឯកឧត្តម អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា» ។
ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អាលី អាកបារ ណាហ្សារី បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទាំងនេះ ធ្វើឱ្យសម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។ នៅក្នុងស្មារតីដូចគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអ៊ីរ៉ង់ ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម Ali Akbar Nazari ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច នៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាពរយៈពេលវែង ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ សម្តេចតេជោ បានបន្តថា អ៊ឺរ៉ង់គឺជាប្រទេសមួយដែលអាចគាំទ្រកម្ពុជាពង្រឹងសន្តិសុខថាមពលរបស់ខ្លួន។
បន្ថែមពីលើនេះ សម្តេចតេជោបានលើកឡើងជាអនុសាសន៍ឱ្យអ៊ីរ៉ង់ផ្តោតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដោយងាកសម្លឹងមកទិសខាងកើត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចតំបន់ ដូចជាអាស៊ិប (RCEP) ជាដើម។ សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។
សម្តេចតេជោ ក៏បានចូលរួមសោកស្តាយនិងរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតរបស់ឯកឧត្តម Ebrahim Raisi ប្រធានាធិបតី នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា ឆ្នាំ២០២៤ និងជាមួយគ្នានេះ តាមរយៈឯកឧត្តម Ali Akbar Nazari ផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ ឯកឧត្តម អាយ៉ាតូឡា Ali Hoseini KHAMENEI និងឯកឧត្តមប្រធានាធិបតី Masoud Pezeshkian ៕