អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា
ហ្ស៊េរុយសាឡិម៖ ប្រជាជន និងអាជ្ញាធរនៅក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាអ៉ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនលើតំបន់ហ្កាហ្សា តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងត្រូវបានប្រកាសឡើង ខណៈក្រុមអ្នកចរចាកំពុងព្យាយាមបញ្ឈប់ការវាយប្រយុទ្ធគ្នាឱ្យបានមុនបទឈប់បាញ់ចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងដែលចែកចេញជា៣ដំណាក់កាលរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានប្រកាសកាលពីថ្ងៃពុធ ទី១៥ ខែមករា ក្រោយមានការសម្របសម្រួលរយៈពេលជាច្រើនខែពីសំណាក់ក្រុមអ្នកចរចាមកពីកាតា អេហ្ស៉ីប និងសហរដ្ឋអាមេរិក។ នៅក្នុងដំណាក់កាលទី១ បទឈប់បាញ់គឺមានរយៈពេល ៦សប្ដាហ៍ ដោយអ៉ីស្រាអែលត្រូវដកកងទ័ពចេញពី តំបន់ហ្កាហ្សាបន្តិចម្ដងៗ។ ចំណាប់ខ្មាំងវិញនឹងត្រូវបានដោះលែងជាថ្នូរ នឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ រីឯដំណាក់កាលទី២ និងទី៣ នឹងត្រូវស្ថិតក្នុងកិច្ចចរចា អំឡុងដំណាក់កាលទី១នៃបទឈប់បាញ់។
ក្នុងដំណាក់កាលទី១ នៃបទឈប់បាញ់នេះដែរ ចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់នឹងត្រូវបានដោះលែង ក្នុងនោះរួមមានស្ត្រី កុមារ និងបុរសដែលមានអាយុ៥០ឆ្នាំឡើង។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែលនៅមាន ចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស។ ប៉ុន្តែ នៅមុនបទឈប់បាញ់ចូលជាធរមាននៅថ្ងៃអាទិត្យ ទី១៩ ខែមករា អ៉ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែក ជាពិសេសលើទីក្រុងហ្កាហ្សា ដោយសម្លាប់មនុស្សយ៉ាងហោច ៣២នាក់ កាលពីថ្ងៃពុធ។ នេះបើតាមក្រុមគ្រូពេទ្យប៉ាឡេស្ទីន ហើយការវាយប្រហារនៅតែបន្តដល់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករាដោយបានបំផ្លាញផ្ទះជាច្រើនខ្នងក្នុងទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្កាហ្សា ទីក្រុង Nuseirat នៅភាគកណ្ដាល និងនៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា បើតាមមន្ត្រីអ៉ីស្រាអែលម្នាក់ ទោះបីជាអ៉ីស្រាអែលបានទទួលយកបទឈប់បាញ់ជាមួយក្រុមហាម៉ាសក៏ពិតមែន តែវាមិនទាន់ផ្លូវការនៅឡើយទេ ពោលគឺត្រូវរង់ចាំការបោះឆ្នោតអនុម័តពីគណៈរដ្ឋមន្ត្រី អ៉ីស្រាអែលដែលការបោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងត្រូវបានរំពឹងថានឹងទទួលបានការអនុម័តយល់ព្រម បើទោះជាមានការប្រឆាំងពីក្រុមអ្នកស្ដាំនិយមជ្រុលមួយចំនួន នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏ដោយ៕