ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល
សេអ៊ូល៖ ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូងនឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល បន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករានេះ ជាផ្នែកមួយនៃការស៊ើបអង្កេតបទឧក្រិដ្ឋកម្មថា តើលោក យូន បានប្រព្រឹត្តអំពើបះបោរដែរឬទេ? ខណៈតុលាការធម្មនុញ្ញបើកសវនាការជាលើកទីពីរលើការកាត់ក្ដីចោទប្រកាន់មេដឹកនាំរូបនេះ។
កូរ៉េខាងត្បូងកំពុងផុងខ្លួនធ្លាក់ក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បង្កឡើងដោយការប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន។ កាលពីថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២៥ លោក យូន បានក្លាយជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូង និងប៉ូលិសចំនួន៣៥០០នាក់ សម្រុកចូលគេហដ្ឋានចាប់ខ្លួនលោក បានដោយជោគជ័យ។ ក្រុមប៉ូលិសត្រូវចាយពេលជាង៥ម៉ោងទើបអាចទម្លុះរនាំងការពារប្រធានាធិបតីបាន។
លោក យូន បានអះអាងថា លោកយល់ព្រមចូលសវនា គឺដើម្បីបញ្ចៀសនូវហានិភ័យនៃការបង្ហូរឈាមឥតប្រយោជន៍។ គួរជម្រាបថា អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូង មានពេល៤៨ម៉ោង ដើម្បីសួរចម្លើយប្រធានាធិបតីដែលត្រូវបានព្យួរតំណែង ហើយអជ្ញាធរអាចស្វែងរកដីកា ដើម្បីឃុំខ្លួនលោករយៈពេល២០ថ្ងៃ ឬដោះលែងលោក? យ៉ាងណា រហូតមកដល់ពេលនេះ លោកប្រធានាធិបតីបានប្រើសិទ្ធិរបស់គាត់ក្នុងការរក្សាភាពស្ងៀមស្ងាត់ ដោយបដិសេធមិននិយាយជាមួយអាជ្ញាធរស៊ើបអង្កេតដែលបានរៀបចំកម្រងសំណួរជាង២០០ទំព័រ ខណៈមន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ កំពុងដឹកនាំការស៊ើបអង្កេតឧក្រិដ្ឋកម្ម។
លើសពីនេះ តុលាការធម្មនុញ្ញនឹងបើកសវនាការជាលើកទីពីរនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងការកាត់ទោសចោទប្រកាន់លោក យូន។ ជុំវិញរឿងរ៉ាវរៀបរាប់ខាងលើ មេធាវីរបស់លោក យូន បានតាំងជំហរដដែលថា ដីកាចាប់ខ្លួននេះគឺខុសច្បាប់ ព្រោះវាចេញដោយតុលាការក្នុងដែនសមត្ថកិច្ចខុស ហើយក្រុមដែលបង្កើតឡើងដើម្បីស៊ើបអង្កេតលោក យូន មិនមានបទបញ្ជាស្របច្បាប់ក្នុងការធ្វើដូច្នេះទេ។ គួរបញ្ជាក់ថា តុលាការកំពុងពិចារណាថា តើត្រូវដកលោក យូន ចេញពីតំណែងអចិន្រ្តៃយ៍ ឬអនុញ្ញាតឱ្យលោក យូន បន្តអង្គុយកៅអីប្រធានាធិបតី?។