សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចបានថ្លែងអំណរគុណយ៉ាងស្មោះដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រៃវែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការដាក់ចេញនូវផែនការ គោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានា និងជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឱ្យសាលាមត្តេយ្យសិក្សា, បឋមសិក្សា, វិទ្យាល័យ និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានដំណើរការបណ្តុះបណ្តាលសិស្សានុសិស្ស-និស្សិត តាំងពីពេលកកើតដំបូងរហូតមកដល់សព្វថ្ងៃនេះ។
ជាមួយគ្នានោះដែរ សម្តេចក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះគណៈកម្មការ សម្រាប់ចាត់ចែងការសាងសង់ និងកែលម្អអគារសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក៏ដូចជាគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌល ដែលមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន បានខិតខំបរិច្ចាគកម្លាំងកាយ បញ្ញា និងស្មារតី ដើម្បីដឹកនាំ និងគ្រប់គ្រងការងារនេះកន្លងមករហូត សម្រេចបានជាសមិទ្ធផលដ៏ស្រស់ស្អាត ទាំងមូលនៅថ្ងៃនេះគួរជាទីមោទនៈ សម្រាប់ប្រជាពលរដ្ឋនៅស្រុកកំចាយមារ។
សម្ដេច ក៏ថ្លែងអំណរគុណដោយស្មោះចំពោះបងប្អូនសប្បុរសជនទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនដ៏ច្រើនចូលរួមជួយកសាងអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងជួយបំពាក់ឧបករណ៍ សម្ភារៈសិក្សា ធ្វើឱ្យមជ្ឈមណ្ឌលនេះមានលទ្ធភាពក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស-និស្សិត និងមានការអភិវឌ្ឍជាបន្ត បន្ទាប់រហូតមកទល់ពេលនេះ។
សម្ដេច មានប្រសាសន៍បន្តាថា នៅឆ្នាំ២០២២ សម្តេច បានផ្តួចផ្តើមនូវគំនិតថ្មីមួយទៀតក្នុងការបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នៅក្នុងទីតាំងតែមួយដើម្បីប្រមូលផ្តុំ សេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នាចាប់តាំងពីកម្រិតមត្តេយ្យ សិក្សារហូតដល់ឧត្តមសិក្សា សំដៅ ផ្តល់ឱកាសសិក្សានិងភាពងាយស្រួលដល់កូនចៅប្រជាជន និងមន្ត្រីរាជការនៅមូលដ្ឋានព្រមទាំង បង្កភាពងាយស្រួលក្នុងការអនុវត្ត កម្មវិធីសិក្សា (បន្សំគ្នាពីកម្រិតមួយទៅកម្រិតមួយទៀត) ប្រើប្រាស់ធនធានមនុស្ស និងធនធានរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា។ លើសពីនេះទៀត គឺដើម្បីបណ្តុះបណ្តាលសហគ្រិនភាពដល់យុវជនមូលដ្ឋាន ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ និងទីផ្សារផលិតផលក្នុងស្រុក។
គណៈកម្មាធិការអនុវត្តគម្រោង និងគណៈកម្មការសម្រាប់ចាត់ចែងការសាងសង់ និងកែលម្អអគារសិក្សា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌល ក៏ត្រូវបានប្រកាសសមាសភាពជាផ្លូវការកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់ពីនោះមក គណៈកម្មការសាងសង់បានចាត់ចែង និងដំណើរការសាងសង់ខ្លោងទ្វារមជ្ឈមណ្ឌល ឈូសឆាយ ពង្រាបផ្លូវចូលពីខាងមុខ និងរៀបចំដំណើរការសាងសង់អគារសិក្សា ថ្មីសម្រាប់បម្រើឱ្យការបណ្តុះបណ្តាលកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ដើម្បីដាក់ឱ្យដំណើរការជ្រើសរើសសិស្សចូលរៀនបានទាន់ពេលវេលា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ហើយដែលក្នុងថ្ងៃនេះ យើងនឹងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារបឋមសិក្សា ហ៊ុន សែន កំចាយមារ។ លើសពីនេះអគារថ្មីមួយទៀត គឺវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច (Entrepreneurship Development and Incubation Institute “EDII”) ក៏កំពុងចាប់ផ្តើមដំណើរការសាងសង់ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តចផ្ទាល់។
សម្តេច មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរឡើង ដោយបានកសាងសាលារៀនជាច្រើនឱ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ហេតុដូច្នេះ សម្តេចបានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ សម្រាប់ដើរតួនាទីកាន់តែសំខាន់ទៀតក្នុងការផ្តល់ឱកាស និងសេវាកម្មអប់រំ សម្រាប់បំពេញតម្រូវការ នៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីវេទិកាអធិបតី ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចផ្ទាល់ បានផ្តល់ជាមតិផ្តាំផ្ញើលើចំណុចមួយចំនួន៖ រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក ត្រូវបន្តចូលរួមគាំទ្រ និងសម្របសម្រួលទាំងរដ្ឋបាល និងបច្ចេកទេសដល់ដំណើរការរៀន និងបង្រៀននៅ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងក្នុងខេត្ត និងស្រុករបស់ខ្លួន។ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការគ្រប់គ្រងសាលារៀន ជាពិសេសការជួយទំនុកបម្រុង និងការផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន និងបន្តរៀន ជួយសិស្សរៀនយឺតឱ្យទទួលបាននូវការសិក្សាកាន់តែប្រសើរ។ ក្នុងនាមជាអ្នកផ្តល់សេវាអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវតែ បន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ តាមរយៈការចូលរួមសិក្ខាសាលា វគ្គបំប៉ននានា ដូចជា វគ្គបំប៉នស្តីពីការអនុវត្ត កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងការគ្រប់គ្រងសាលារៀនជាដើម។ ជាមួយគ្នានេះ ឆ្លើយតបនឹងការវិវត្តិបច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើការបង្រៀន និងរៀន និងការងាររដ្ឋបាលឱ្យកាន់តែល្អប្រសើរ ព្រមទាំងសមត្ថភាពភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ សូមខិតខំគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដារវិជ្ជាជីវៈ គ្រូបង្រៀន ដែលរួមមាន៖ ១.ចំណេះដឹងវិជ្ជាជីវៈ, ២.ការប្រតិបត្តិវិជ្ជាជីវៈ, ៣.ការសិក្សាវិជ្ជាជីវៈ និង៤.សីលធម៌វិជ្ជាជីវៈ។ មាតាបិតា អាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា, អត្តចរិត, សីលធម៌, សុជីវធម៌របស់កូនជាដើម។ បន្ថែមពីនេះ មាតាបិតា អ្នកអាណាព្យាបាល ត្រូវផ្គត់ផ្គង់សម្ភារៈសិក្សា, ទិញកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូងឱ្យកូនបានហ្វឹកហាត់នៅសាលា និងនៅផ្ទះ, ចូលរួមគាំទ្រជាសម្ភារៈ ថវិកាដល់ដំណើរការបណ្ណាល័យក្នុងសាលារៀន, ការអភិវឌ្ឍសាលារៀន និងបន្តគាំទ្រគ្រូបង្រៀនជាដើម។ សូមឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ថែរក្សាអគារសិក្សា និងសមិទ្ធផលនានា ដែលបាននឹងកំពុងកើតឡើងក្នុងមូលដ្ឋានឃុំស្មោងខាងជើង ដើម្បីប្រើប្រាស់បានយូរអង្វែង ដែលជាប្រយោជន៍យ៉ាងសំខាន់ដល់ការកសាង មូលធនមនុស្សនៅមូលដ្ឋានរបស់ខ្លួន ៕