លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក បូរ ភ័កត្រា និងក្រុមការងារជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចុះទៅដល់ផ្ទះលោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅៗ៤នាក់ និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់លោកយាយដើម្បីប្រើប្រាស់ និងដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
លោកយាយ ជា សុន អាយុ៨០ឆ្នាំ ជាស្ត្រីមេម៉ាយ និងពិការជើងដោយសារជាន់មីន មានកូនចំនួន០៥នាក់ បានស្លាប់០២នាក់ពេលផ្ទុះមីន ហើយកូនស្រីម្នាក់ទៀតស្លាប់បន្ទាប់ បន្សល់ទុកកូនៗ០៤នាក់ ឱ្យជីដូនរូបនេះចិញ្ចឹមមើលថែ និងរស់នៅជាមួយរាល់ថ្ងៃ ស្ថិតនៅភូមិត្រាំតាសុល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ទោះបីជាស្ថានភាពពិការ តែដើម្បីចៅៗ ជីដូនរូបនេះនៅតែតស៊ូរើសអេតចាយ គ្រាន់បានប្រាក់យកមកផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ ឃើញដូច្នេះហើយទើបថៅកែអេតចាយបានផ្ដល់ព័ត៌មានទៅក្រុមការងារំដួលធីវីដើម្បីឱ្យចុះមកមើលស្ថានភាពជាក់ស្ដែង។
ក្រៅពីការចុះសួរសុខទុក្ខលោកយាយ និងចៅៗ លោកបូរ ភ័កត្រា បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនលោកយាយដើម្បីជួយសម្រាលបន្ទុកលោកយាយក្នុងការផ្គត់ផ្គង់ជីវភាព។
អំណោយមនុស្សធម៌ជូនលោកយាយរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ និងថវិកា ២០ម៉ឺនរៀល៕