អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី
ភ្នំពេញ៖ នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សុក ហៃ និងលោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី បានដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាខ្ចីប្រាក់ ដោយកន្លងមកគូភាគីព្យាយាមរកដំណោះស្រាយវិវាទ តែនៅមិនទទួលបានជោគជ័យ។ បន្ទាប់មក នៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងដោយទទួលបានកិច្ចសហការល្អពីលោកមេឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង, មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងនៅក្នុងសាលាឃុំជាកន្លែង ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
សូមបញ្ជាក់ថា ផ្អែកតាមបទប្បញ្ញត្តិរបស់ អ.ដ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ឬក្រុមការងារសម្រុះសម្រួលដោះស្រាយវិវាទ មានសិទ្ធិស្នើសុំកិច្ចសហការពីស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ ដេីម្បីដោះស្រាយសំណុំរឿងវិវាទនៅក្នុងក្របខ័ណ្ឌ អ.ដ.ក.៕