សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ភ្នំពេញ៖ នៅសល់ពេលតែ៤ថ្ងៃទៀតទេ ពោលគឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ឆាប់ៗខាងមុខ វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ និងសម្ពោធសមិទ្ធផលនានា នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បន្ទាប់ពីចាប់ផ្តើមកសាង និងបង្កើតឡើងជាហូរហែរ ពីឆ្នាំ២០២១មក។
ជាក់ស្តែងនាថ្ងៃ១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ នៅទីតាំងមួយចំនួន និងជម្រុញដល់គណៈកម្មការ និងអនុគណៈកម្មការរៀបចំទទួលបដិសណ្ឋារកិច្ចសម្តេច ត្រូវសហការល្អ និងខិតខំពន្លឿនកិច្ចការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕