នាយករដ្ឋមន្ត្រីថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់
បាងកក៖ បើយោងតាមកាសែតបាងកកប៉ុស្តិ៍ នាយករដ្ឋមន្ត្រីថៃអ្នកស្រី ភែថងថាន ស៊ីណាវ៉ាត់ បាននិយាយកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសងនិងកាស៊ីណូមានភាពស្របច្បាប់ ពោលគឺជាវិធានការមួយក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ ការងារ និងការវិនិយោគ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ស្ថិតក្រោមផែនការរបស់រដ្ឋាភិបាលថៃ ច្បាប់នេះដែលនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាដើម្បីពិចារណា នឹងអនុញ្ញាតឱ្យមានល្បែងស៊ីនៅតាមទីតាំងកម្សាន្តទ្រង់ទ្រាយធំនានា។
កាស៊ីណូ និងទម្រង់លេងល្បែងស៊ីសងភាគច្រើនគឺខុសច្បាប់នៅក្នុងប្រទេសថៃ ប៉ុន្តែសកម្មភាពភ្នាល់បាល់ទាត់ និងល្បែងនៅ និងឆ្នោតទីផ្សារងងឹត កើតមានឡើងជាទូទៅក្នុងចំនួនទឹកប្រាក់ដ៏ច្រើន។មានតែការភ្នាល់ល្បែងស៊ីសងមួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ដូចជាការប្រណាំងសេះដែលគ្រប់គ្រងដោយរដ្ឋ និងឆ្នោតផ្លូវការជាដើម។
ប្រទេសជិតខាងថៃដូចជាប្រទេសកម្ពុជា សិង្ហបុរី ហ្វីលីពីន ឡាវ និងមីយ៉ាន់ម៉ា បានទទួលផលប្រយោជន៍ពីកាស៊ីណូធំៗ ហើយរដ្ឋាភិបាលថៃបានលើកឡើងថា អវត្តមានកាស៊ីណូស្របច្បាប់មានន័យថា វាកំពុងបង្វែរប្រាក់ចំណូលចេញពីប្រទេសថៃ និងធ្វើឱ្យវិស័យទេសចរណ៍មិនអាចឈានដល់កម្រិតសក្តានុពលរបស់ខ្លួនបាន។
វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃដែលមានទំហំធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសថៃកំពុងព្យាករថានឹងមានចំនួនភ្ញៀវទេសចរច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
អ្នកស្រីនាយករដ្ឋមន្ត្រី ភែថងថាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ការធ្វើឱ្យកាស៊ីណាមានភាពស្របច្បាប់នឹងការពារសាធារណៈជន ហើយក៏នឹងបង្កើតចំណូលរដ្ឋបន្ថែមទៀតផងដែរ»៕