អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីទៀត
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) រួមមាន លោកស្រី រាជ ច័ន្ទថេង និងលោកស្រី ណុប ចាន់លក្ខិណា ដោយមានការដឹកនាំជំនួយបច្ចេកទេសពី ឯកឧត្តម ប៉ូច សោភ័ណ សមាជិក អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងពាណិជ្ជកម្មមួយករណីដោយជោគជ័យ រវាងក្រុមហ៊ុនលក់ទំនិញកសិកម្ម។
សំណុំរឿងវិវាទនេះ កើតចេញពីបញ្ហាវិបត្តិសេដ្ឋកិច្ចដែលនាំឱ្យក្រុមហ៊ុនមួយឈានដល់ការក្ស័យធន់ និងមិនមានលទ្ធភាពអនុវត្តកាតព្វកិច្ចបន្តឱ្យក្រុមហ៊ុនមួយទៀត ដែលបណ្តាលឱ្យក្រុមហ៊ុនទាំងពីរ មានវិវាទនឹងគ្នា។ កន្លងមក ក្រុមហ៊ុនទាំងពីរ បានធ្វើកាព្យាយាមរកដំណោះស្រាយវិវាទនោះ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែតុលា ឆ្នាំ២០២៤ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលស្វែងរកដំណោះដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕