ស្ថានទូតចិនប្រចាំនៅកម្ពុជារៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឆ្នាំ២០២៥
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥ដើម្បីផ្តល់ឱកាសដល់ប្រជាជនចិន និងប្រជាជនខ្មែរជាប់សែស្រឡាយចិនបានសប្បាយរីករាយ និងទទួលអំណរឆ្នាំថ្មីដែលនឹងចូលមកដល់នៅចុងខែមករា ខាងមុខនេះ។
ការរៀបចំពិធីថ្ងៃនេះ មានគោលបំណងអបអរសាទរឆ្នាំថ្មីប្រពៃណីចិន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋចិន និងខ្មែរជាប់សែស្រឡាយចិនបានជួបជុំគ្នាពិសាអាហារសាមគ្គី សំណេះសំណាលសួរសុខទុក្ខបន្ទាប់ពីបែកគ្នាក្នុងរយៈពេលមួយឆ្នាំកន្លងមក។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានជូនពរដល់ប្រជាជនចិន និងប្រជាជនខ្មែរជាប់សែស្រឡាយចិនឱ្យជួបតែសេចក្តីសុខ រកស៊ីមានបានជាពិសេសជូនពរឱ្យចំណងមិត្តភាពកម្ពុជាចិនកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ។ ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញការពេញចិត្តចំពោះចំណងមិត្តភាពនៃប្រទេសទាំងពីរព្រោះចំណងមិត្តភាពកម្ពុជាចិនគឺជាមិត្តដែកថែប ហើយមានភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរណាស់មកហើយ ព្រមទាំងមានការពូនជ្រុំពីសំណាក់ព្រះបាទនរោត្តមសីហនុព្រះបរមតនកោដ្ឋ និងបានបន្តថែរក្សាពីថ្នាក់ដឹកនាំបច្ចុប្បន្ន។
អ្នកឧកញ៉ា លី ឃុនថៃអនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគនៅកម្ពុជាដែលបានចូលរួមកម្មវិធីនេះ បានចាត់ទុកថា ការរៀបចំកម្មវិធីជួបជុំនេះ នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជាចិនកាន់តែរឹងមាំនិងស្និទ្ធស្នាល។ ក្នុងឱកាសនេះអ្នកឧកញ៉ា បានជូនពរដល់ប្រជាជនចិន និងខ្មែរជាប់សែស្រឡាយចិនឱ្យទទួលបានសុខភាពល្អ ជោគជ័យការងារ ក្នុងឱកាសឆ្នាំថ្មីនេះ។
សំឡេង៖ « ខ្ញុំសូមជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះឱ្យមានជោគជ័យ រវាងកម្ពុជា និងចិន និងជូនពរដល់ប្រជាជនលើពិភពលោក សូមឱ្យមានសុខភាពល្អរកស៊ីមានបាន ជោគជ័យគ្រប់ក្រុមគ្រួសារ» ។
លោកបណ្ឌិតជាមុនឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានចាត់ទុកកម្មវិធីដែលរៀបចំដោយស្ថានទូតចិននេះ គឺបានឱកាសដ៏ល្អសម្រាប់ប្រជាជនចិន និងខ្មែរបានស្វែងយល់ពីប្រពៃណីចូលឆ្នាំចិន និងរឹតចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំ។
សំឡេង៖ « ជាឱកាសដ៏ល្អសម្រាប់ប្រជាជនចិននៅកម្ពុជា ឱ្យគាត់បានយល់ដឹងពីទំនៀមទំលាប់ប្រពៃណីចិន និងបានសប្បាយរីករាយ ស្វែងយល់ពីគ្នាលើជ្រុងអរិយធម៌វប្បធម៌នៃប្រទេសកម្ពុជា ចិនទៅវិញទៅមក។ »
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៤ ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ត្រូវនឹងថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥៕