ស្ត្រីម្នាក់ត្រូវអតីតស្វាមីយកកាំបិតកាប់ប្រហារទាំងកំរោលដេកស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ៖ បុរសជាអតីតស្វាមីយកកាំបិតកាប់ប្រហារទាំងកំរោលលើស្ត្រីម្នាក់ដែលជាអតីតប្រពន្ធដេកស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់កាលពីថ្ងៃទី១៩មករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីឃាតកម្មបណ្ដាលឱ្យស្ត្រីម្នាក់ឈ្មោះ ចន ស្រីម៉ាច អាយុ២៨ឆ្នាំ បាត់បង់ជីវិតភ្លាមៗបង្កឡើងដោយជនដៃដល់ឈ្មោះ ហួន ណុប ភ្លាមៗកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង និងកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួន ណុប ស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលត្រូវជាអតីតស្វាមីជនរងគ្រោះ យកមកសាកសួរធ្វើកំណត់ហេតុ។
ទោះបីជាយ៉ាងណា បន្ទាប់ពីសួរចម្លើយ និងធ្វើកំណត់ហេតុរួច នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានទៅដល់ការកាប់ប្រហារអតីតភរិយាទាំងកំរោលបែបនេះ គឺដោយសារកន្លងមករូបគេ និងជនរងគ្រោះ បានលែងលះគ្នារួចរាល់ហើយ ប៉ុន្តែស្ត្រីជាអតីតភរិយារូបនេះនៅតែមករករឿងជេរប្រមាថមកលើរូបគេជាបន្តបន្ទាប់ លុះដល់ថ្ងៃកើតហេតុខាងលើរូបគេមិនអាចទប់កំហឹងបាន ក៏សម្រេចចិត្តធ្វើសកម្មភាពកាប់សម្លាប់អតីតភរិយានេះតែម្ដង។
ក្រោយទទួលបានចម្លើយសារភាពបច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕