រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃាត”
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ការបង្ការការធ្វើអត្តឃាត” ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។
សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗ៖ ១).ស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់ និងនៅប្រទេសកម្ពុជា, ២).ចែករំលែកបទពិសោធន៍នៃការបង្ការការធ្វើអត្តឃាត, ៣).ធ្វើការវិភាគស្ថានការណ៍ និង៤).រៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា។
ការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើអត្តឃាតជាមូលហេតុនាំមុខមួយ នៃមូលហេតុនាំមុខនៃការស្លាប់។ ការបង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុនសម្រាប់ការពិចារណា ក្នុងការកសាងផែនការ សម្រាប់ការបង្ការការធ្វើអត្តឃាត។ ឯកឧត្តមសាស្រ្តាចារ្យ ក៏អំពាវនាវ ដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយដល់វិស័យសុខាភិបាល និងក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែនការសម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើអត្តឃាត ជាបន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សិក្ខាសាលានេះ ក៏មានការនិមត្ត/អញ្ជើញចូលរួមពី ព្រះតេជគុណមហាធម្មាលង្កាមុនី ចាន់ សុជន និងព្រះភិក្ខុ ភិត សុភឿន លោកស្រីតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា និងលោកតំណាង USAIDប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រប់មន្ទីរពេទ្យជាតិ អង្គភាពថ្នាក់កណ្តាលក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី ខេត្ត ដែគូអភិវឌ្ឍ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ក្លឹបអ្នកកាសែត សរុបជាង ២៥០រូប ៕