ឯកឧត្តម មាន ចាន់យ៉ាដា ផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានផ្ញើសារលិខិតគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លា នៃពិធីខួបចម្រើនជន្មាយុគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តឧត្តរមានជ័យ ខ្ញុំសូមសូមគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះ លោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់គាំទ្រដល់ការលើកកម្ពស់ ជីវភាពរស់នៅនិងគាំពារដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា ៕