រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងឡើងវិញបញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់ឡើងវិញបញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមទីប្រជុំជន សំដៅលើកកម្ពស់សោភ័ណភាពក្នុងការរស់នៅឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានទាញការចាប់អារម្មណ៍ថា ក្នុងមួយរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍កាន់តែមានភាពកាចសាហាវជាងមុខ និងតែងបង្កឲ្យមានការបាត់បង់ជីវិតជាបន្ដបន្ទាប់ ពិសេសក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ បានបន្សល់នូវសោដនកម្មយ៉ាងសោកសៅបំផុត ពិសេសចំពោះក្រុមគ្រួសារជនរងគ្រោះ។ លើសពីនេះ ប្រៀបដូចជាការបំផ្លិតបំផ្លាញនូវធនធានមនុស្ស ផ្ទុយពីអ្វីដែលរាជរដ្ឋាភិបាល និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋចង់បាន។
ជាចំណែកមួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំឲ្យពង្រឹងឡើងវិញចំពោះការគ្រប់គ្រងម៉ោងចេញ-ចូលក្នុងរាជធានីភ្នំពេញ របស់រថយន្ដធុនធំ រថយន្ដក្រឡុកស៉ីម៉ង់ជាដើម ដែលកន្លងទៅហាក់មានការឆក់ល្វែង ហើយលោកឃើញថា រថយន្ដក្រឡុកស៉ីម៉ង់ខ្លះមិនគោរពទៅតាមម៉ោងកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានជំរុញឲ្យរដ្ឋបាលរាជធានី-ខេត្ត ក៏ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ ក៏ត្រូវបន្ដលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងប្រតិបត្តិការរបស់ខ្លួន ពិសេសទីតាំងកម្សាន្ដសប្បាយ កុំឲ្យមានការលួចបង្កប់ការប្រើប្រាស់គ្រឿងញៀន។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានណែនាំបន្ថែមថា ចំពោះការរៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវផ្ដោតការយកចិត្តទុកដាក់ឡើងវិញនៅតាមបណ្ដាខណ្ឌទាំង១៤ ជៀសវាងការលក់ដូរនៅលើចិញ្ចើមផ្លូវ ដែលបណ្ដាលឲ្យខូចសណ្ដាប់ធ្នាប់ និងម្យ៉ាងទៀតជាបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ៕