មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋ នៅស្រុករលាប្អៀរ
ភ្នំពេញ៖ នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និង ក្រុមការងារយេនឌ័ររបស់អង្គភាព អញ្ជើញនាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៤០សន្លឹក គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋមានប្តីឈ្មោះ សំ ធុល ប្រពន្ធឈ្មោះ ង៉ែត យ៉េត មានកូន០៤នាក់ ក្នុងបន្ទុក រស់នៅភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ ប៉ុន្តែដោយសារស្ថានភាពផ្ទះចាស់ទ្រុឌទ្រោមខ្លាំងមិនអាចរស់នៅជុំគ្នាបាន ទើបយកកូនចំនួន០៣នាក់ ទៅផ្ញើឲ្យរស់នៅផ្ទះរបស់យាយតា ។
មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងនិងក្តីអាណិតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះគ្រួសារលោក សំ ធុល ។
ឯកឧត្តម មេបញ្ជាការ បានបន្តថា សម្តេចធិបតី និង លោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ។ ក្នុងនោះសម្តេចតែងតែឧបត្ថម្ភសម្ភារ គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត ឬ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ។
មុននឹងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានណែនាំដល់អាជ្ញាធរភូមិឃុំស្រុកឲ្យជួយចាត់ចែងសាងសង់ផ្ទះជូនគ្រួសារលោក សំ ធុល ដើម្បីឲ្យពួកគាត់ឆាប់បានផ្ទះសម្បែងរស់នៅសមរម្យ ៕