អគ្គនាយកដ្ឋានរដ្ឋបាល៖ គិតមកដល់បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ មានចំនួន ៦.៤១៨
ភ្នំពេញ៖ យោងតាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែមករា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុប ចំនួន ៦.៤១៨ (សមាគមចំនួន ២.៨៦០ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៥៥៨) ។
អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងទៀតថា ក្នុងនោះសមាគម និងអង្គការ មិនមែនរដ្ឋាភិបាលសម្រាប់នីតិបុគ្គលមានចំនួនសរុប ៧៦ (សមាគមចំនួន ៧១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥) សមាគមសម្រាប់ជនបរទេសចំនួន ៨ និងសហគមន៍ជនជាតិដើមភាគតិចមានចំនួន១៥៤។
អគ្គនាយកដ្ឋានរដ្ឋបាល បញ្ជាក់ថា ក្នុងខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ១៣ ក្នុងនោះ សមាគមចំនួន ៦(ក្នុងនោះសមាគមប្តូរឈ្មោះចំនួន ១ និងសមាគមសម្រាប់ជនបរទេសចំនួន ១) និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៧ (ក្នុងនោះអង្គការប្តូរឈ្មោះចំនួន២ និងចុះឈ្មោះឡើងវិញចំនួន១)ព្រមទាំងបានលុបឈ្មោះចេញពីបញ្ជីសមាគម និង អង្គការមិនមែនរដ្ឋាភិបាលចំនួន ១០ (ក្នុងនោះសមាគមចំនួន ១០(ក្នុងនោះសមាគមចំនួន ៤ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦)។
បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន នាខែសីហា ឆ្នាំ២០១៥ រហូតមក ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ២.០១២ (ក្នុងនោះសមាគមចំនួន ១.១៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៨៤៤)។ផ្អែកតាមលទ្ធផលនៃការធ្វើជំរឿន រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំការជូនដំណឹងស្តីពីការបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌ កំណត់ដោយច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលបានចំនួនសរុប ១៣២០ (សមាគមចំនួន៥៣៦ និង អង្គការមិនមែនរដ្ឋាភិបាលចំនួន៧៨៤) ៕