គណៈកម្មការទី៧រដ្ឋសភា អញ្ជើញទស្សនកិច្ចសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង
ភ្នំពេញ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ចនៅសាលាបឋមសិក្សាស្វាយជ្រំ ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ដំណេីរទស្សនកិច្ចនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរស្រុក-ឃុំ។
លោកនាយកសាលាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញមកធ្វើទស្សនកិច្ចដល់ទីតាំងសាលាផ្ទាល់ និងបានរាយការណ៍សង្ខេបអំពីប្រវត្តិនៃការកកើតសាលា និងចក្ខុវិស័យរបស់សាលា ដោយលោកនាយកបានលេីកឡេីងថា សាលាផ្តល់សេវាអប់រំដល់សិស្សានុសិស្សទាំងអស់ឱ្យមានចំណេះដឹង ចំណេះធ្វើ សីលធម៌ គុណធម៌ វិន័យ គំនិតច្នៃប្រឌិត និងបំណិនជីវិតប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។
លោកនាយកសាលាបានបន្តថា ដើម្បីឆ្លើយតបទៅចក្ខុវិស័យខាងលើ សាលាបានរៀបចំបេសកកម្មរបស់ខ្លួនដោយសាលាដឹកនាំ និងពង្រឹងសមត្ថភាព បង្កើនគុណវុឌ្ឍគ្រូបង្រៀន ការសិក្សាស្រាវជ្រាវផ្នែកព័ត៌មានវិទ្យា ភាសាបរទេស ទំនួលខុសត្រូវ ភាពច្នៃប្រឌិត និងសាមគ្គីភាពខ្ពស់ក្នុងសាលា។
ឯកឧត្តម ប៉ា សុជាតិវង្ស បានវាយតម្លៃខ្ពស់ចំពេះចក្ខុវិស័យរបស់សាលាបឋមសិក្សាស្វាយជ្រំ គឺស្របតាមគោលដៅនៃការផ្តល់ការអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ៕