អភិបាលខេត្តបាត់ដំបង ណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញខិតខំរកដំណោះស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំមន្រ្តីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាកសិករដែលកំពុងបង្កបង្កើនផលស្រូវប្រាំងនៅតំបន់តេជោសែនអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល និងចុះត្រួតពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រសំណង់ស្ទាក់ទឹកបវេល ឃុំបួវិល ស្រុកបវេល និងសំណង់ស្ទាក់ទឹកតាហែន ឃុំក្ដុលតាហែន ស្រុកបវេល។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យស្រូវប្រាំងកំពុងខ្វះខាតទឹកមួយចំនួន ស្ថិតនៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ព្រមទាំងបន្តចុះពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹកនៃប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់អស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមខ្វះខាតទឹកដល់ប្រជាកសិករ។
ឯកឧត្តម បានណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញខិតខំរកដំណោះស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាពប៉ុន្តែត្រូវគិតគូរចាំបាច់បំផុតលើការរក្សាទឹកទុកសម្រាប់សត្វពាហន: និងមនុស្សព្រោះរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយរយៈពេលវែង។
បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ឱ្យដឹងថា តំបន់ផលិតស្រូវប្រាំងអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងផែនការដាំដុះ៨០០ហិកតាប៉ុន្តែការដាំដុះជាក់ស្ដែង ជាង២០០០ហិកតា។នៅ២សប្តាហ៍មុនស្រែនៅតំបន់នេះមានបញ្ហាប្រឈមខ្វះខាតទឹកក្នុងដំណាក់កាលស្រូវចេញផ្កា។
ប៉ុន្តែដោយមានមានសំណូមពរពីបងប្អូនប្រេជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់នោះ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំឱ្យមន្ទីរជំនាញធនធានទឹកធ្វើការស្តារប្រឡាយ និងបើកទឹកពីអាងកំពីងពួយមកសង្គ្រោះជាបន្ទាន់ហើយបច្ចុប្បន្នតំបន់នេះត្រូវបានសង្គ្រោះទាំងស្រុងនិងស្រូវរយៈ៣-៤ថ្ងៃទៀតនឹងអាចច្រូតកាត់បានបណ្តើរៗ។
លោក ឈឹម វជិរា គូសបញ្ជាក់ថា នៅដើមឆ្នាំ២០២៥នេះ ការផលិតស្រូវប្រាំងរបស់ប្រជាកសិករនៅទូទាំងខេត្តបាត់ដំបងសរុបរហូតទៅដល់ជាង៩ម៉ឺនហិកតាស្មើនឹង៣៣៥ភាគរយលើផែនការដាំដុះជិត៣ម៉ឺនហិកតា៕