ក្រុមហ៊ុន Mitsubishi Motors ជប៉ុន ជាដៃគូរបស់ក្រុមហ៊ុនយក្ស Nissan Motor កំពុងពិចារណាមិនចូលរួមក្នុងការសហការច្របាច់បញ្ចូលគ្នា
តូក្យូ៖ បើយោងតាមប្រភពអះអាងនៅថ្ងៃសុក្រទី២៤មករាក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុន ជាដៃគូរបស់ក្រុមហ៊ុនយក្ស Nissan Motor កំពុងពិចារណាមិនចូលរួមក្នុងការសហការច្របាច់បញ្ចូលគ្នាដែលបានគ្រោងទុក រវាងក្រុមហ៊ុន Nissan និង Honda Motor ។
ប្រភពបង្ហាញថា ក្រុមហ៊ុន Mitsubishi Motors គ្រោងនឹងបញ្ចប់នាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុនទាំងពីរ [Nissan និង Honda]។
ភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi Motors បានធ្លាក់ចុះ៣,៩ភាគរយ បន្ទាប់ពីបានធ្លាក់ចុះជាង ៦ភាគរយនៅក្នុងការនាំចេញជាលើកដំបូងនៅថ្ងៃសុក្រទី២៤ ខែមករា។ ទន្ទឹមនឹងភាគហ៊ុនរបស់ក្រុមហ៊ុន Nissan បានធ្លាក់ចុះ០,៧ភាគរយ ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Honda ចំណេញទាបជាង០,១ភាគរយ។
មែនទែនទៅ ការអភិវឌ្ឍថ្មីរួមគ្នានេះ កើតឡើងកាលពីឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុន Nissan និង Honda បានអះអាងថា ពួកគេនឹងចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការ លើការរួមច្របាច់បញ្ចូលគ្នា ដែលអាចបង្កើតក្រុមរថយន្តធំជាងគេទីបីរបស់ពិភពលោកជាមួយនឹងទិន្នផលប្រចាំឆ្នាំចំនួន៧លាន៤សែនគ្រឿង។
ក្រុមហ៊ុន Mitsubishi Motors ដែលក្រុមហ៊ុន Nissan មានភាគហ៊ុន ២៤ភាគរយ ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តនៅខែនេះ។ តើក្រុមហ៊ុននេះមានគម្រោងចូលរួមដែរឬទេ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Mitsubishi Motors បានលើកឡើងថា មានរបាយការណ៍អំពីបំណងចូលរួមក្នុងក្របខណ្ឌសមាហរណកម្មអាជីវកម្មដែលផ្តួចផ្តើមដោយក្រុមហ៊ុនយក្ស Honda និង Nissan ប៉ុន្តែរបាយការណ៍ទាំងនោះមិនផ្អែកលើសេចក្តីសម្រេចរបស់ក្រុមហ៊ុន Mitsubishi នោះទេ។
ក្រុមហ៊ុន Mitsubishi បានប្រកាសជំហរថា ខ្លួនកំពុងពិចារណាលើលទ្ធភាពផ្សេងៗនៅដំណាក់កាលនេះ ហើយទិសដៅរបស់ខ្លួនមិនទាន់ត្រូវបានសម្រេចនៅឡើយ។ យ៉ាងណា ក្រុមហ៊ុន Mitsubishi Motors កំពុងពិចារណាមិនចូលរួមក្នុងការចងសម្ព័ន្ធមេត្រីភាពដែលបានគ្រោងទុក ដោយបារម្ភថា សាជីវកម្មខ្លួនមានទំហំតូចជាងគេ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Motors កំពុងផ្តោតលើការពង្រីកទីផ្សារនៅអាស៊ីអាគ្នេយ៍៕