ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ របស់ WB ជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំ ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ប្រកបដោយចីរភាព
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក (World Bank) ស្តីពី វឌ្ឍនភាពនៃការរៀបចំសម្រាប់ការចាប់ផ្តើមអនុវត្តគម្រោងការអប់រំមូលដ្ឋាន(Basic Education Improvement Project-BEIP) ដែលជាគម្រោងអនុវត្តក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ។
លើកឡើងនាឱកាសនេះ តំណាងក្រុមការងារធនាគារពិភពលោក បានឱ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ គម្រោងបានឈានចូលដល់ដំណាក់កាលបញ្ចប់ជាស្ថាពរនូវការរៀបចំឯកសារទស្សនទានដើម្បីត្រៀមចាប់ផ្តើមការអនុវត្ត ដោយក្នុងនោះបានកំណត់នូវ Project Components ដូចជា៖ (១) ពង្រឹងការត្រៀមខ្លួនរបស់កុមារតូចដើម្បីទទួលការអប់រំនៅកម្រិតបឋមសិក្សា (២) លើកកម្ពស់ប្រសិទ្ធផលការងារដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស , ពង្រឹងការអនុវត្តការបង្រៀនថ្នាក់ដំបូង (Early Grade Learning) ,
, វិនិយោគលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធការរៀននិងបង្រៀន (៣) ពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ការគ្រប់គ្រងការអប់រំកម្រិតមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យ និងការវាយតម្លៃគម្រោង (M&E) និង (៤). ការឆ្លើយតបពេលមានអាសន្ន (Contingent Emergency Response)។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសធនាគារពិភពលោក ដែលបានគាំទ្រទាំងផ្នែកថវិកា និងបច្ចេកទេសក្នុងការរៀបចំចងក្រងនូវឯកសារទស្សនៈទានប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានរំលេចនូវសារៈសំខាន់នៃតួនាទីរបស់ លោកគ្រូ អ្នកគ្រូ ក្នុងការជំរុញឱ្យសិស្សចង់រៀន ស្រលាញ់ការអាន និងសរសេរ លើកកម្ពស់លទ្ធផលសិក្សារបស់សិស្សតាមរយៈការចេះប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីក្នុងការអនុវត្តកម្មវិធីអំណានដំបូង និងគណិតដំបូង ការបង្រៀនសិស្សប្រកបដោយចិត្តគរុកោលស្យ មានភាពច្នៃប្រឌិតខ្ពស់ និងមានសមត្ថភាពក្នុងបង្កើតសម្ភារៈជំនួយដល់ការបង្រៀន។ ក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបន្ទុកសម្របសម្រួល និងអនុវត្តគម្រោងនេះ តាមរយៈនាយកដ្ឋានបច្ចេកទេស និងអង្គភាពផ្សេងទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានគណៈកម្មាធិការដឹកនាំគម្រោង (PSC) ដែលបង្កើតឡើងដោយក្រសួង នឹងទទួលខុសត្រូវចំពោះការត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអប់រំ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍គោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងដំណើរការធ្វើសេចក្តីសម្រេចលើការអនុវត្ត។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយចីរភាព និងបានផ្តល់អនុសាសន៍ឱ្យរៀបចំជាវគ្គបណ្ដុះបណ្ដាលជំនាញគ្រប់គ្រង វិភាគ និងសម្របសម្រួលគម្រោងឱ្យទទួលបានជោគជ័យ ដល់ក្រុមការងារអនុវត្តផ្ទាល់នៅតាមមូលដ្ឋាន ដើម្បីធានាបាននូវនិរន្តរភាពបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។
គួរបញ្ជាក់ដែរថា ធនាគារពិភពលោក ( World Bank) បានគាំទ្រវិស័យអប់រំនៅកម្ពុជាតាមរយៈ គម្រោង អប់រំជាមូលដ្ឋាន (Basic Education 2025-2030) ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តកំណែទម្រង់សាលារៀន ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាល និងវិធីសាស្រ្តបង្រៀនរបស់គ្រូបង្រៀន និងការលើកកម្ពស់ការអប់រំឌីជីថល។ ដើម្បីបង្កើតផលជះលើគុណភាពនៃការអប់រំទូទៅ គម្រោងត្រូវផ្តោតលើការអប់រំថ្នាក់ដំបូង ការអប់រំឌីជីថល ការបង្រៀន និងការរៀនពេញមួយថ្ងៃ អាហារូបត្ថម្ភ និងសុខភាពសាលារៀន សម្រាប់ក្រុមជួបការលំបាក អភិបាលកិច្ចតាមវិស័យ និងការបណ្តុះបណ្តាលគ្រូ៕