លោក ជំទាវ សុវណ្ណ វណ្ណារតន៍ ជួបពិភាក្សាការងារជាមួយតំណាងអង្គការ ILO ពាក់ព័ន្ធនឹងការរៀបចំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោក ជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងអង្គការអន្តរជាតិខាងការងារ(ILO) ពាក់ព័ន្ធនឹងការរៀបចំពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ(OSH) ដែលត្រូវបានសហការរៀបចំក្រោមជំនួយបច្ចេកទេសរបស់ KOSHA នៃសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបពិភាក្សាដ៏ស្និទ្ធស្នាលនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកកិច្ចពិភាក្សា និងធ្វើការងារជាច្រើនដើម្បីប្រមូលយកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ អ្នកជំនាញ លើសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងខិតខំបន្តនីតិវិធីឱ្យបានកាន់តែលឿន ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារ ត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ នេះ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ដែលគាំទ្រ និងផ្តល់ជាធាតុចូលដ៏មានសារសំខាន់ជាច្រើន ដើម្បីធ្វើឱ្យសេចក្តីព្រៀងច្បាប់មួយនេះកាន់តែគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យវិស័យការងារនៅប្រទេសកម្ពុជាកាន់តែប្រសើរ៕