ប្រធាន គ.ជ.ប៖ ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌
ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) មានប្រសាសន៍ថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ស្របតាមច្បាប់បទបញ្ជា និងនីតិវិធី ប្រកបដោយសន្តិសុខសុវត្ថិភាពមានសណ្តាប់ធ្នាប់ល្អ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្ដម ប្រាជ្ញ ចន្ទ បានថ្លែងថា យោងអនុក្រឹត្យលេខ ២០១ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន៥ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងត្រាព្រហ្ម និងឃុំអូរជ្រៅ។
ឯកឧត្តមលើកឡើងថា តាមរយៈអនុក្រឹត្យ និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម សម្រាប់អាណត្តិទី១ នេះមាន ១៣រូប និងបានកំណត់យកថ្ងៃអាទិត្យ ទី២៦ ខែមករាឆ្នាំ២០២៥ ជាថ្ងៃបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។
ឯកឧត្ដមបន្តថា តាមប្រតិទិននៃការបោះឆ្នោត ការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានដំណើរការរលូនល្អ និងសម្រេចបានលទ្ធផលតាមការគ្រោងទុក ក្នុងនោះ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
គណបក្សនយោបាយចំនួន ៤ បានដាក់ពាក្យសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ហើយត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ សម្រេចទទួលស្គាល់ជាផ្លូវការ រួមមាន គណបក្សប្រជាជនកម្ពុជាមានបេក្ខជនពេញសិទ្ធិ ១៣នាក់ និងបម្រុង ១៣នាក់។ គណបក្សហ៊្វុនស៊ិនប៉ិច មានបេក្ខជនពេញសិទ្ធិ ១៣នាក់ និងបម្រុង ១៣នាក់។ គណបក្ស ឆន្ទៈខ្មែរមានបេក្ខជនពេញសិទ្ធិ ១៣នាក់ និងបម្រុង ១៣នាក់។ គណបក្ស កម្លាំងជាតិមានបេក្ខជនពេញសិទ្ធិ ១៣នាក់ និងបម្រុង ១៣នាក់។ បន្ទាប់ពីបញ្ចប់ដំណាក់កាលនេះ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានរៀបចំពីធីចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត ដោយ គណបក្ស ឆន្ទៈខ្មែរទទួលបានលេខរៀងទី១។ គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី២។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី៣ និង គណបក្ស កម្លាំងជាតិទទួលបានលេខរៀងទី៤។ ចំពោះអ្នកដែលមានសិទ្ធិបោះឆ្នោតនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំនៅក្នុងមុខតំណែង នៃឃុំទាំង៥ ដែលមានឈ្មោះអ្នកបោះឆ្នោតសរុបចំនួន៣១នាក់ ក្នុងនោះស្រីចំនួន ៣ នាក់និងមានការិយាល័យបោះឆ្នោតចំនួន១ការិយាល័យ ដែលឋិតនៅសាលាបឋមសិក្សាស្មាច់ដែង ក្នុងឃុំរាម នៃក្រុងកំពង់សោម។
ឯកឧត្ដមប្រធាន គ.ជ.ប បានឱ្យដឹងដែរថា ដោយមានកិច្ចសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ និងវិទ្យុជាតិកម្ពុជា លទ្ធផលបឋមនៃការបោះឆ្នោតត្រូវបានប្រកាសផ្សាយតាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) ផ្សាយតាមវិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈអាសយដ្ឋានវេបwww.nec.gov.kh, App “CamNEC News”, Channel YouTube និងតាមFacebook Page របស់គ.ជ.បផងដែរ។ ឯកឧត្ដម ប្រាជ្ញ ចន្ទ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំក្នុងមុខតំណែងទាំងអស់ ដែលបានចូលរួមបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដែលជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំការអភិវឌ្ឍ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។