លោក ត្រាំ ដាក់ស្នើនូវផែនការមួយ ដើម្បីបោសសម្អាតតំបន់ហ្កាហ្សា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ស្នើនូវផែនការមួយ ដើម្បីបោសសម្អាតតំបន់ហ្កាហ្សា ហើយលោកចង់ឱ្យជនជាតិប៉ាឡេស្ទីន ចេញពីទឹកដីដ៏តូចចង្អៀតនេះទៅកាន់ប្រទេសជិតខាងដូចជាអេហ្ស៊ីប និងហ្ស៊កដានី ខណៈក្រុមហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីនបានថ្កោលទោសគំនិតនេះ។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា៖«អ្នកកំពុងនិយាយអំពីមនុស្សប្រហែលមួយលានកន្លះ ហើយយើងគួរតែបោសសម្អាតទីនោះ»។ លោកបន្តថា៖«ខ្ញុំចង់ចូលរួមជាមួយប្រទេសអារ៉ាប់មួយចំនួន និងសាងសង់លំនៅដ្ឋាននៅទីតាំងផ្សេង ដែលពួកគេប្រហែលជាអាចរស់នៅដោយសន្តិភាព ដោយបន្ថែមថា ការផ្លាស់ទីលំនៅរបស់ប្រជាជននៅហ្កាហ្សាអាចជាបណ្តោះអាសន្ន ឬអាចមានរយៈពេលវែង»។ លោកចង់ឱ្យទាំងប្រទេសហ្ស៊កដានី និងអេហ្ស៊ីបបើកទ្វារទទួលជនជាតិប៉ាឡេស្ទីន។ ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល បេហ្សាឡេល ស្មូតទ្រិច (Bezalel Smotrich) បានស្វាគមន៍គំនិតរបស់លោក ត្រាំ ថាជា គំនិតដ៏ល្អ ហើយគាត់នឹងធ្វើការដើម្បីបង្កើតផែនការអនុវត្តវា។
ហ្ស៊កដានីគឺជាម្ចាស់ផ្ទះទទួលជនជាតិប៉ាឡេស្ទីនប្រហែល២,៣ លាននាក់រួចទៅហើយ ខណៈដែលមនុស្សរាប់ម៉ឺននាក់រស់នៅក្នុងប្រទេសអេហ្ស៊ីប។ ប្រទេសទាំងពីរ និងប្រទេសអារ៉ាប់ផ្សេងទៀត ច្រានចោលគំនិតដែលជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាត្រូវបានផ្លាស់ទៅទឹកដីរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អាម៉ាន់ សាហ្វាឌី បានប្រាប់អ្នកសារព័ត៌មានថា៖«ជំហររបស់ប្រទេសហ្ស៊កដានី ប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សានៅតែរឹងមាំនិងមិនផ្លាស់ប្ដូរ»។ ដោយឡែក ក្រសួងការបរទេសអេហ្ស៊ីបក៏បានប្រកាសយ៉ាងដាច់អហង្ការប្រឆាំងរាល់ការផ្លាស់ប្តូរជនជាតិប៉ាឡេស្ទីនពីតំបន់ហ្កាហ្សាទោះបីជារយៈពេលខ្លីឬរយៈពេលវែងក៏ដោយ។
ប្រធានាធិបតីប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិច លោក ម៉ាមូដ អាបាស បានថ្កោលទោសការលើកឡើងរបស់លោក ត្រាំ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA លោកបានសង្កត់ធ្ងន់ថា៖«ប្រជាជនរបស់យើងនឹងរក្សាភាពខ្ជាប់ខ្ជួន ហើយនឹងមិនចាកចេញពីស្រុកកំណើតរបស់ពួកគេឡើយ»។
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងរយៈពេល១៥ ខែនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានបំផ្លាញតំបន់ហ្កាហ្សាទាំងមូលស្ទើរក្លាយទៅជាគំនរបាក់បែក។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបំផ្លាញ ឬបំផ្លាញអគារប្រហែល៦០ ភាគរយ រួមទាំងសាលារៀន និងមន្ទីរពេទ្យ និងប្រហែល៩២ ភាគរយនៃផ្ទះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។ ប្រជាជននៅតំបន់ហ្កាហ្សាភាគច្រើនត្រូវបានផ្លាស់ទីលំនៅដោយសារសង្រ្គាម ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ មានជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល៥,៩ លាននាក់នៅទូទាំងពិភពលោក ដែលភាគច្រើនជាកូនចៅរបស់ប្រជាជនដែលបានភៀសខ្លួនបន្ទាប់ពីការបង្កើតប្រទេសអ៊ីស្រាអែលនៅឆ្នាំ១៩៤៨៕