សេតវិមាន៖ កូឡុំប៊ីបានយល់ព្រម ទទួលយកយន្តហោះយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីអាមេរិក
វ៉ាស៉ីនតោន៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters សហរដ្ឋអាមេរិក និងកូឡុំប៊ី បានបោះជំហានថយក្រោយវិញ ចេញពីមាត់ជ្រោះនៃសង្រ្គាមពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា បន្ទាប់ពីសេតវិមាន បាននិយាយថា កូឡុំប៊ីបានយល់ព្រម ទទួលយកយន្តហោះយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីអាមេរិក។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានគំរាមកំហែងពន្ធនិងទណ្ឌកម្ម ប្រឆាំងកូឡុំប៊ី បន្ទាប់ពីប្រទេសអាមេរិកឡាទីនមួយនេះ បានបដិសេធមិនឱ្យជើងហោះហើរយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីសហរដ្ឋអាមេរិកចុះចត។ វាគឺជាផ្នែកមួយនៃ ចំណាត់ការបង្រ្កាបបញ្ហាអន្តោប្រវេសន៍ដ៏ម៉ឺងម៉ាត់ និងក្នុងទ្រង់ទ្រាយធំ របស់លោក ត្រាំ។
យ៉ាងណាមិញ ក្រោយមក សេតវិមានបាននិយាយថា ខាងកូឡុំប៊ីទីបំផុតបានយល់ព្រម ទទួលយកជនអន្តោប្រវេសន៍ទាំងនោះវិញហើយ ដូច្នេះទីក្រុងវ៉ាស៉ីនតោន នឹងមិនចេញវិធានការដាក់ពិន័យ តាមការគំរាមនោះទេ។ ចំណែក កូឡុំប៊ីផ្ទាល់ ក៏បានប្រកាសដែរថា ខ្លួនបាន ជម្នះភាពជាប់គាំង ជាមួយរដ្ឋាភិបាលអាមេរិកហើយ។
គួរបញ្ជាក់ថា កូឡុំប៊ី គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់អាមេរិកឡាទីន ខណៈអាមេរិក គឺជា ដៃគូពាណិជ្ជកម្មធំជាងគេបង្អស់ របស់កូឡុំប៊ី៕