ស្នងការខេត្ដតាកែវ ត្រៀមកម្លាំងជាង១ពាន់នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ចិន-វៀតណាម
ភ្នំពេញ៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ បានត្រៀមកម្លាំង ១,២០០នាក់ ចុះត្រួតពិនិត្យល្បាតក្នុងភូមិសាស្ត្រខេត្ដ ដោយហាមឃាត់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមិនឱ្យមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារ។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ជំរុញឱ្យកងកម្លាំងនគរបាលត្រៀមការពារជាប់ជាប្រចាំនៅតាមគោលដៅ ជាពិសេសក្នុងការសម្រួលចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកលេងកំសាន្ដជួបជុំសាច់ញតិនៅតាមស្រុកកំណើត។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី មានប្រសាសន៍លើកបែបនេះ ក្នុងពេលដែល លោកស្នងការ បើកកិច្ចប្រជុំមួយជាមួយ លោកលោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលក្រុងស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដតាកែវ នារសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥។
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បានណែនាំឱ្យកងកម្លាំងបន្តរឈរជើងការពារជាប់ នៅប៉ុស្តិ៍ប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រូលសភាពការណ៍ដែលអាចកើតមានឡើង ក្នុងការចុះជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងអំពាវនាវដល់បងប្រជាពលរដ្ឋ អ៊ុចទានធូប សែនប្រេន សុំមានការប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសឡើយ ព្រោះវាអាចកើតមាននៅគ្រោះអគ្គីភ័យបានគ្រប់ពេលវេលា បូករួមជាមួយអាកាសធាតុធ្លាក់ខ្យល់ត្រជាក់ស្ងួតនេះផងដែរ៕