លោក ហ្សេលេនស្គី ថា លោក ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ខណៈសង្រ្គាមមានរយៈពេលជិត ៣ឆ្នាំមកហើយ
កៀវ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយ កាលពីថ្ងៃអង្គារ ទី២៨ ខែមករា ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានច្រានចោល លទ្ធភាពជួបនិយាយគ្នាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន។
លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះ លោក ពូទីន បានបញ្ជាក់ឱ្យឃើញជាថ្មីម្តងទៀតថា រូបលោកភ័យខ្លាច ចំពោះការចរចាខ្លាចមេដឹកនាំដែលរឹងមាំ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីអូសបន្លាយសង្រ្គាម»។ ការលើកឡើងរបស់ លោក ហ្សេលេនស្គី គឺបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការចរចាជាមួយអ៊ុយក្រែន អាចទៅរួច ប៉ុន្តែមិនមែនជាមួយ លោក ហ្សេលេនស្គី នោះទេ។
គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើង តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត ៣ឆ្នាំមកហើយ និងហាក់នៅតែមិនទាន់មានសញ្ញាថា នឹងថមថយឡើយ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបត្រឡប់មកកាន់អំណាចសាជាថ្មី បានប្តេជ្ញាងជួយស្វែងរកទីបញ្ចប់ឱ្យបានឆាប់ សម្រាប់ជម្លោះនេះក៏ដោយ៕