ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក
សេអ៊ួល៖ ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹករបស់លោកដែលបាន រុញច្រានប្រទេសធ្លាក់ចូលក្នុងភាពចលាចលនយោបាយ ដោយក្រុមរដ្ឋអាជ្ញាបានចោទរូបលោកថាជា «មេដឹកនាំនៃអំពើបះបោរ»។
ការចោទប្រកាន់ប្រឆាំងលោក Yoon ពីបទបះបោរ កាលពីថ្ងៃទី២៦ ខែមករា បានធ្វើឱ្យរូបលោកក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងកំពុងកាន់អំណាចដំបូងបំផុតដែលនឹងប្រឈមមុខនឹងសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង ការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
បច្ចុប្បន្ន លោក Yoon ត្រូវបានបង្គាប់ឱ្យស្ថិតក្នុងកន្លែងឃុំខ្លួនដែលមានក្រឡាផ្ទៃ ១២ម៉ែត្រការ៉េ នៅឯមន្ទីរឃុំឃាំងមួយ នៅក្នុងទីក្រុងសេអ៊ូល ដើម្បីត្រៀមឡើងសវនាការ៕