ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់តាមបណ្តោយផ្លូវក្រុង៤០៩ ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ នាយកដ្ឋានសាងសង់និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មានមន្ទីរសាធារណ:ការខេត្តជាមន្ទីរជំនាញ បានរៀបចំធ្វើពិធីបើកការដ្ឋាននៃគម្រោងស្ថាបនាលូប្រអប់តាមបណ្តោយផ្លូវក្រុងលេខ៤០៩ ដែលមានមុខកាត់២ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង៩០០ម៉ែត្រស្ថិតក្នុងសង្កាត់ទទួលតាឯក ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ចៅ សុភ:ភិបាល អគ្គនាយកនៃ អគ្គនាយកដ្ឋានប្រព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត លោកអភិបាលក្រុងបាត់ដំបង សមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាចៅសង្កាត់នានា និងប្រជាពលរដ្ឋ២០០នាក់ចូលរួមផងដែរ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
បន្ទប់ពីរស្តាប់បាយការណ៍ស្វាគមន៍របស់លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ:និងដឹកជញ្ជូនខេត្ត រួចមក ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមសំដែងនូវការគោរព ដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ,សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានលះបង់កម្លាំងកាយចិត្តទាំងប្រាជ្ញាស្មារតី ដើម្បីការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជាពិសេសការបង្រួមបង្រួមជាតិ សន្តិភាព ស្ថិរភាពសង្គម ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិកន្លងមក ហើយត្រូវបានបន្តដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានបន្តការពារសន្តិភាព ស្ថិរភាពសង្គមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិបន្ថែមទៀត សំដៅដល់ការសម្រាលទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាទិភាពខ្ពស់ ក្នុងការគាំទ្រដល់ការងារ សាងសង់ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាការសាងសង់ប្រព័ន្ធលូ ប្រឡាយរំដោះទឹកភ្លៀង និងស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់នានាក្នុងក្រុងបាត់ដំបង ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់សុខភាពអនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពផងដែរ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះ និងបញ្ហាប្រឈមអំពីការរំដោះទឹកជំនន់ចេញពីក្រុង បាត់ដំបងផ្នែកខាងលិចស្ទឹងសង្កែ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍទីក្រុង សំណង់អគារលំនៅឋាន ព្រមទាំងកំណើនប្រជាជនដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងមូល មានការកើន ឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងជំនន់ទឹកភ្លៀងដែលជាក្តីកង្វល់ដ៏ធំមួយ ទាមទារត្រូវយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយទាន់ពេលវេលា និងចំគោលដៅ ។
ឯកឧត្តមអភិបាលខេត្តបន្ថែមថា ទន្ទឹមនឹងនេះ ក្រុមការងារបច្ចេកទេសរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ បានសហការ ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះសិក្សាពីលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ស្តារប្រព័ន្ធរំដោះទឹកចេញពីក្រុងរបស់យើង ។ ជារបាយការណ៍លម្អិត យើងពិនិត្យឃើញថាការរំដោះទឹក ចេញពីក្រុងបាត់ដំបងផ្នែកខាងលិច ពឹងផ្អែកលើបណ្តាញលូមេ ដែលប្រមូលទឹកចេញពីតំបន់ផ្លូវលេខ៤ ឆ្ពោះទៅកាន់ប្រឡាយកំពង់សីមា ដោយបច្ចុបន្ននេះ មិនទាន់មានប្រព័ន្ធរំដោះទឹក ដែលមានទំហំសមស្រប ទៅតាមបរិមាណទឹកភ្លៀងដែលត្រូវរំដោះនៅឡើយ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ដូច្នេះ គម្រោងស្ថាបនាលូប្រអប់បណ្តោយផ្លូវក្រុងលេខ៤០៩ មុខកាត់២មx២មប្រវែង ៩០០ម ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិតជាមានសារៈសំខាន់សម្រាប់រំដោះទឹកចេញ ពីក្រុង និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះ ព្រោះថាបើតំបន់យើងរស់ នៅប្រចាំថ្ងៃជន់លិច ធ្វើឱ្យយើងពិបាកប្រាស្រ័យទាក់ទងគ្នា និងប្រកបជំនួញជួញដូរផ្សេងៗ និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងផងដែរ៕