ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាល យកចិត្តទុកកដាក់ពីស្ថានភាពជីវភាពរស់នៅ ការអាស្រ័យផលនិងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់៣
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាពរស់នៅ ក្រោយពេលប្រជាពលរដ្ឋធ្វើការបំលាស់ទី ការអាស្រ័យផល និងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់៣ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរូមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីជំនាញ ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយសម្រាប់ប្រជាពលរដ្ឋដែលបំលាស់ទីពីលំនៅឋានបណ្ដែតទឹក មករស់នៅលើដីគោក ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងក្នុងសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្រោមការមូលមតិគ្នារបស់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងស្រុក។ រាជរដ្ឋាភិបាលបានយកចិត្តទុកកដាក់ពីស្ថានភាពជីវភាពរស់នៅ ការអាស្រ័យផលនិងបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់៣។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រៀបចំកែលម្អសោភ័ណភាពសួនច្បារ ក្នុងភូមិ មូលដ្ឋានរបស់ប្រជាពលរដ្ឋ ដោយមានលម្អដោយផ្កា ភ្លើងបំភ្លឺ អមតាមដងផ្លូវ និងសាងសង់សួននៅសាលារៀនដែលទើបនឹងបង្កើតថ្មី ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មានសាលារៀនជាថ្នាលបណ្ដុះបណ្ដាល និងសម្រួលដល់ការធ្វើដំណើរបានជិតផងដែរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុង ស្រុក ខេត្តទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕