មជ្ឈមណ្ឌលថែទាំសុខភាព សម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅតាមព្រំដែនថៃ និងមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តបិទទ្វារ បន្ទាប់ពីអាមេរិក បង្កកជំនួយ
បាងកក៖ មជ្ឈមណ្ឌលថែទាំសុខភាពសម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅតាមព្រំដែនថៃ និងមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តបិទ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បង្កកជំនួយបរទេសភាគច្រើនកាលពីសប្តាហ៍មុន។
លោក ត្រាំ កាលពីសប្តាហ៍មុនបានផ្អាកជំនួយអភិវឌ្ឍន៍ពីទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរយៈពេល៩០ថ្ងៃ ដើម្បីវាយតម្លៃថា តើវាដើរស្របជាមួយនឹងគោលនយោបាយ «America First» របស់គាត់ដែរឬទេ? ការបង្កកនេះ បានរុញវិស័យជំនួយសាកលដែលទទួលបានថវិកាច្រើនពីសហរដ្ឋអាម៉េរិក ធ្លាក់ក្នុងភាពវឹកវរ។ គណៈកម្មាធិការសង្គ្រោះអន្តរជាតិ (IRC) ដែលផ្តល់មូលនិធិដល់គ្លីនិកដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក នឹងត្រូវបិទទ្វារនៅថ្ងៃសុក្រទី៣១ ខែមករា។ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងសមាជិកគណៈកម្មាធិការពីរនាក់។ វាមិនច្បាស់ភ្លាមៗថា តើមានផលប៉ះពាល់អ្វីខ្លះក្នុងអំឡុងពេលផ្អាករយៈពេល៩០ថ្ងៃរបស់សហរដ្ឋអាម៉េរិក ឬតើមានមជ្ឈមណ្ឌលប៉ុន្មាននៅទូទាំងជំរំប្រាំបួនដែលមានលំនៅឋានមនុស្សប្រហែល១សែននាក់ ត្រូវបានរងផលប៉ះពាល់នោះឡើយ។ មណ្ឌលសុខភាពនៅតាមព្រំដែនបម្រើជាកន្លែងជួយសង្គ្រោះជីវិតជនភៀសខ្លួនរាប់ម៉ឺននាក់ មកពីប្រទេសមីយ៉ាន់ម៉ា ដែលកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុង។
លោក ប៊ីវេ សេ (Bweh Say) សមាជិកនៃគណៈកម្មាធិការជនភៀសខ្លួន នៅជំរំម៉ែឡា (Mae La) ក្នុងស្រុកថាសុងយ៉ាង (Tha Song Yang) និងជាគ្រូបង្រៀនក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា៖«គណៈកម្មាធិការសង្គ្រោះអន្តរជាតិ បានឱ្យអ្នកជំងឺចេញពីមន្ទីរពេទ្យរួចហើយ និងបញ្ឈប់មនុស្សរួមទាំងស្ត្រីមានផ្ទៃពោះ និងអ្នកដែលពិបាកដកដង្ហើម ពឹងផ្អែកលើធុងអុកស៊ីហ្សែនពីការប្រើប្រាស់ឧបករណ៍ និងថ្នាំរបស់ពួកគេ។ សាច់ញាតិអ្នកជំងឺកំពុងព្យាយាមស្វែងរកធុងអុកស៊ីហ្សែនយកទៅប្រើនៅផ្ទះ»។ ប្រព័ន្ធចែកចាយទឹក និងគ្រប់គ្រងសំរាមរបស់ជំរំ ដែលអង្គការបានជួយផងនោះ ក៏រងផលប៉ះពាល់ដែរ។ អ្នកជំងឺប្រហែល៥០នាក់បានចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺធ្ងន់ធ្ងរជាច្រើននាក់ទៀត កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យម៉ែឡា រួមទាំងកុមារដែលជាសះស្បើយពីការវះកាត់បេះដូងផង។ ជាធម្មតាមន្ទីរពេទ្យទទួលអ្នកជំងឺក្រៅប្រហែល១០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវឈប់ទទួលហើយ។
លោក ឈូឆិប ផុងឆៃ (Chucheep Pongchai) អភិបាលខេត្តតាក(Tak) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា អ្នកជំងឺធ្ងន់ធ្ងរបំផុតនឹងត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យរដ្ឋក្នុងស្រុក ដោយបន្ថែមថា មន្ត្រីបានស្នើសុំគណៈកម្មាធិការសង្គ្រោះអន្តរជាតិសម្រាប់ការប្រើប្រាស់ឧបករណ៍របស់ពួកគេ។ លោកវេជ្ជបណ្ឌិត តាវ៉ាត់ឆៃ យីងថាវីស័ក្តិ (Tawatchai Yingtaweesak) ប្រធានមន្ទីរពេទ្យថាសុងយ៉ាង និយាយថា លោកនឹងធ្វើដំណើរទៅកាន់ជំរំ ដើម្បីវាយតម្លៃអ្នកជំងឺ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមទូរសព្ទថា៖«យើងត្រូវវាយតម្លៃថា អ្នកជំងឺណាអាចទៅផ្ទះបាន អ្នកជំងឺណាត្រូវការជំនួយដោយអុកស៊ីសែន និងអ្វីៗផ្សេងទៀត»៕